អូស្ត្រាលីនឹងបង្កើតក្រុមជំនួយអ៊ិនធឺណិតរហ័ស សម្រាប់បណ្ដាប្រទេសកោះប៉ាស៊ីហ្វិក

កង់បេរ៉ា៖ អូស្ត្រាលីបានប្រកាសកាលពីថ្ងៃទី២២ ខែវិច្ឆិកាថា ខ្លួននឹងចំណាយប្រាក់ ១៧ លានដុល្លារអាមេរិកដើម្បីបង្កើតក្រុម «ជំនួយរហ័ស» ឆ្លើយតបទៅនឹងវិបត្តិអ៊ិនធឺណិតនៅតំបន់ប៉ាស៊ីហ្វិក និង១០,៩ លានដុល្លារផ្សេងទៀត ដើម្បីកំណត់ភាពងាយរងគ្រោះតាមអ៊ិនធឺណិតនៅបណ្ដាប្រទេសកោះប៉ាស៊ីហ្វិក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីប៉ាស៊ីហ្វិករបស់អូស្រ្តាលីលោក Pat Conroy បាននិយាយថា ក្រុមឆ្លើយតបរហ័សនឹង «កសាងភាពធន់យូរអង្វែងនៅប៉ាស៊ីហ្វិក» និងផ្តល់ការគាំទ្រយ៉ាងសំខាន់។

កាលពីឆ្នាំមុន ប្រព័ន្ធកុំព្យូទ័រ និងអ៊ីមែលរបស់រដ្ឋាភិបាល មន្ទីរពេទ្យ និងតុលាការនៃប្រទេសកោះវ៉ានូអាទូ ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនសប្ដាហ៍ដោយសារតែការវាយប្រហាររតាមអ៊ិនធឺណិតពីក្រុមហែកឃឺរ ប៉ុន្មានថ្ងៃក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ពេលនេះ អូស្រ្តាលីបានបញ្ជូនអ្នកជំនាញផ្នែកសន្តិសុខអ៊ិនធឺណិតទៅជួយ។

ការជំរុញសន្តិសុខតាមអ៊ិនធឺណិតនេះ ធ្វើឡើងបន្ទាប់ពីអូស្ត្រាលី និងសហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តកាលពីខែមុន ក្នុងការផ្តល់មូលនិធិសម្រាប់ការដាក់ពង្រាយខ្សែកាបក្រោមសមុទ្រថ្មីចំនួនពីរពីក្រុមហ៊ុន ហ្គូហ្គល(Google)នៅបណ្ដាកោះប៉ាស៊ីហ្វិក ដើម្បីបង្កើនការតភ្ជាប់សម្រាប់ប្រទេសកោះដាច់ស្រយាលចំនួនប្រាំបី។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលកោះហ្វីជីបាននិយាយថា ក្រុមហ៊ុន Google នឹងដាក់ពង្រាយខ្សែកាបក្រោមសមុទ្រថ្មីមួយ ដែលតភ្ជាប់សហរដ្ឋអាមេរិក និងអូស្ត្រាលីតាមរយៈកោះហ្វីជី។ វានឹងត្រូវចំណាយលើការវិនិយោគតម្លៃ ៨៩ លានដុល្លារសម្រាប់កោះហ្វីជី និងបើកឱ្យមានមជ្ឈមណ្ឌលទិន្នន័យកម្រិតទី ៣ ដំបូងបង្អស់នៅលើកោះប៉ាស៊ីហ្វិក។

ចំណែកឯខ្សែកាបក្រោមសមុទ្រទី២ នឹងតភ្ជាប់សហរដ្ឋអាមេរិកទៅអូស្ត្រាលីដែរ តាមរយៈកោះប៉ូលីណេស៊ីបារាំង៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner