មូលនិធិស្វីស គ្រោងបញ្ជូនសាស្ត្រាចារ្យជំនាញឯកទេស មកជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ជាប្រចាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី​២១ ខែវិច្ឆិកា គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីសបានប្តេជ្ញាថានឹងបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ខណៈមូលនិធិនេះ​ក៏គ្រោ​ងនឹងបញ្ជូនសាស្ត្រាចារ្យជំនាញឯកទេសពីប្រទេសស្វីសមកជួយដល់មន្ទីរពេទ្យជាប្រចាំថែមទៀត។​

​​លោក​ Philip Robinson នាយកមូលនិធិគន្ធបុប្ផាស្វីស តាមរយៈហ្វេសប៊ុកក្រសួងសុខាភិបាលបាន​លើកឡើងថា​ ក្រោយពីអវត្តមានរបស់លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ​ (Dr. Beat Richner) មូលនិធិស្វីសចាប់ផ្តើមគិតគូរ​ពីការតម្រង់ទិសដៅ និងរៀបចំអ្នកជំនាន់ក្រោយសម្រាប់មូលនិធិ ក្នុងនោះ​លោក​ គឺ​ជាអ្នកទទួ​លខុសត្រូវមូលនិធិជំនាន់ទី៣ ដែលមានតួនាទីក្នុងការស្វែងរក​សប្បុរសជនជួយគាំទ្រ ទ្រទ្រង់មូលនិធិឱ្យមានរយៈយូរអង្វែងជាបន្តទៀត។​

លោកបាន​បន្តថា ៖ «មូលនិធិគន្ធបុប្ផាស្វីស ប្តេជ្ញាចិត្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបាននិងកំពុងរៀ​បចំគម្រោងការផ្សេងៗដើមី្បអាចគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាតទៅទៀត ដូចជាគម្រោងសហប្រតិបត្តិការមន្ទីរពេ​ទ្យ និង​សាកលវិទ្យាល័យជាដើម ដោយបានបញ្ជូនសាស្ត្រាចារ្យជំនាញ ឯកទេស មកជួយដល់មន្ទីរពេទ្យជា​ប្រចាំផងដែរ»។​

ជុំវិញការលើកឡើងនេះឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វីស ដែលបានសហការ និងគាំទ្រមន្ទីពេទ្យនេះ​ ជាពិសេសចំពោះ លោក Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២ និង​ផ្តល់ការគាំទ្រដល់ការដំណើរការមន្ទីរពេទ្យនេះ។​

ឯកឧត្តមមានប្រសាសន៍ថា៖«មូលនិធិគន្ធបុប្ផាស្វីសបានជួយជាច្រើន តាមរយៈការទ្រទ្រង់​ប្រព័ន្ធព្យាបាលសុ​ខភាពដល់កុមារកម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបជាបន្តបន្ទាប់រហូតមក ដែលបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ រយៈពេល៣០ឆ្នាំកន្ល​ង​មកនេះ»។

បន្ថែមពីនេះឯកឧត្តមក៏បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រម​ន្ទី​រពេទ្យគន្ធបុប្ផា ខណៈលោកក៏បានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វីស ចំពោះជំហរ និងការប្តេជ្ញាចិ​ត្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងស្វែងរកគម្រោងការនានាដើមី្បគាំទ្រមន្ទីរពេទ្យ ទាំងបច្ចេកទេស និ​ង​ដំណើរការ​សេវាពិនិត្យ និងព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យផងដែរ។​

ជុំវិញរឿងនេះដែរ​ លោក ​នុត ស​ម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​ជីវសាស្ត្រ​ វេជ្ជ​សាស្ត្រ និង​កសិក​ម្ម​នៃ​រាជ​បណ្ឌិត្យ​ស​ភាក​ម្ពុជា បានសារទរ​ចំពោះមូលនិធិស្វីស​ ដែលគ្រោងបញ្ជូនសាស្ត្រាចារ្យជំនាញឯកទេស មកជួយគាំទ្រ​ដល់មន្ទីរពេទ្យគន្ធបុប្ផា គឺជារឿងសំខាន់ណាស់។​

លោកបានប្រាប់ថា ៖ «ការគ្រោងសហការជាមួយសាកលវិទ្យាល័យនានា ដោយមានបញ្ជូនសាស្ត្រាចារ្យជំ​នាញមកបណ្តុះបណ្តាលធនធានមនុស្សនៅមន្ទីរពេទ្យគន្ធបុប្ផា គឺសំខាន់ណាស់ ព្រោះថាមន្ទីរពេទ្យគន្ធបុ​ប្ឆា​ជាគំរូនៃមន្ទីរពេទ្យនៃសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិ ហើយមន្ត្រីបុគ្គលិកពេទ្យនៅទីនោះសង្គ្រោះកុ​មា​របានល្អ ប្រកបដោយវិជ្ជាជីវៈ។ ហេតុនេះខ្ញុំក៏សំណូមពរឱ្យរដ្ឋាភិបាលខិតខំរក្សាទំនាក់ទំនងជាមួយមូលនិធិនេះឱ្យបានល្អ»។​

យោងតាម​របាយការណ៍​សង្ខេបសកម្មភាព​ការងារ​​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បានឱ្យដឹងថា​ ​​រយៈពេល ប្រាំមួយ​​ខែឆ្នាំ​២០២៣​ ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ និង​ព្យាបាល​កុ​មារ​សរុប​ប្រមាណ​ ៥០ ​ម៉ឺន​នាក់ ​ដែល​ក្នុងនោះ​កុមារ​ឈឺ​ធ្ងន់ៗ​ប្រមាណប្រាំបួនម៉ឺន​នាក់ ត្រូវបាន​ទទួល​ឱ្យ​ស​ម្រា​ក​ព្យាបាល​​ ដែល​ចំនួន​នៃ​ការ​សម្រាក​ព្យា​បាល​នេះ​មានការ​កើនឡើង​ជាង​ ១០០ ​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​។ ​

​របាយការណ៍​បន្តថា ក្នុងចំណោម​កុមារ​ ៥០ ​ម៉ឺន​នាក់​នោះ​មាន​កុមារ​ឈឺ​ចំនួន​ ៣៩២ ០៣៤​ នាក់ ត្រូវបា​ន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែល​កើន ​៥២ភាគរយ ច្រើនជាង​ឆ្នាំ​ ២០២២​។ ក្នុងនោះ​កុមារ​មា​ន​ជំងឺ​ធ្ងន់ៗ​ចំនួន ៨៨ ៩៣០​ នាក់​ បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ កើន​ ១០៨ភាគរយ ច្រើនជាង​ឆ្នាំ ​២០​២២ ​ក្នុងនោះដែរ​មាន​កុមារ​ចំនួន​ ១ ៣២៦​ នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

ដោយឡែកនៅថ្ងៃដដែលនោះដែរ​​ ​ឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​ជួបពិភាក្សាការងារជាមួយនឹង​លោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki Takahashi) ប្រធានសមាគមនជប៉ុន-កម្ពុជា និងគណៈប្រតិភូ ដែលមកពីក្រុមហ៊ុនសហគ្រាសចំនួន២៦ផងដែរ នាទីស្តីការក្រសួង​។

​​លោក តាកាហាស៊ី ហ្វូមីអាគី ​លើកឡើងថា​ ក្រុមការងារសហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុន​ មានចំ​ណាប់អារម្មណ៍ចង់បណ្តាក់ទុនវិនិយោគលើវិស័យសុខាភិបាល ​និងស្នើសុំការណែនាំ​ក៏ដូចជាសុំការសហការគាំទ្ររបស់ក្រសួងសុខាភិបាលផងដែរ។

លោកបន្តថា សហគ្រាសធុនតូច និងមធ្យម ទាំងនេះ ចង់​វិនិយោគលើផលិតផលគ្រឿងសម្អាង និងការបណ្តុះ​បណ្តាលការថែរក្សាសម្ផស្ស ការវិនិយោគបណ្តុះបណ្តាលការថែទាំមនុស្សចាស់ និងរៀបចំមន្ទីរពេទ្យដែលស្តិតក្នុងគម្រោងអភិវឌ្ឍន៍JICA ព្រមទាំងការបង្កើតការិយាល័យរបស់ សមាគមជប៉ុន-កម្ពុជា នៅកម្ពុជានាឆ្នាំខាងមុខ។

​ទន្ទឹមនឹងនោះ លោក កុយ វ៉ាន់នី បានសម្ដែងសេចក្តីរីករាយ និងស្វាគមន៍សហគ្រាសធុនតូច និងមធ្យម នៃប្រទេសជប៉ុន ដែលមានបំណងចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាការឆ្លើយតបទៅនិងយុទ្ធសាស្ត្រអាទិភាពសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើភាពជាដៃគូសាធារណៈនិងឯកជនផ្ទាល់ផងដែរ។

លោកក៏បានលើកទឹកចិត្តសមាគមកម្ពុជា-ជប៉ុន ជាពិសេសក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅកម្ពុជា ឱ្យពិភាក្សាជាមួយមន្ត្រីជំនាញនៃផ្នែកនីមួយៗដើមី្បស្វែងយល់ពីយន្តការ​ ការសម្របសម្រួ​ល និងផ្តល់កា​រណែនាំច្បាស់លាស់ដល់ក្រុមហ៊ុន ព្រមទាំងបានអបអរសាទរ សមាគមកម្ពុជា-ជប៉ុន ដែលត្រៀមនឹងបើ​កទីស្នាក់ការនៅរាជធានីភ្នំពេញផងដែរ៕

ដោយ៖បូរ ពេជ្រហ្សាលីន

​​

ads banner