ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិនចុះអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ រវាងកម្ពុជា​ និងចិន

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(National Bank of Cambodia) និងធនាគារកណ្តាលចិន (People’s Bank of China)បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិ​ភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាង កម្ពុជា និង ចិន ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។អនុស្សរណៈយោគយល់មានចំនួនពីរ គឺ​ទី១ កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវ​ត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និងទី២ ការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជា។

តាមរយៈសេចក្តីប្រកាសព័ត៌មាន​​របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ក្រៅពី ជំរុញការធ្វើនវានុវត្តន៍ក្នុងវិស័យធនា​គារនិងប្រព័ន្ធទូទាត់សងប្រាក់ហើយ អនុស្សរណៈនេះ​ក៏នឹងកសាងសមត្ថភាព​វិស័យធនាគារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិន និងកម្ពុជាផងដែរ។

នៅក្នុង​​បទសម្ភាស​ជាមួយអ្នកសារព័ត៌មានរបស់ទូរទស្សន៍ CNBC នៃប្រទេសសិង្ហបុរី ​កាលពីពេលពាក់កណ្តាលខែ​វិច្ឆិកា​កន្លងទៅថ្មីៗនេះ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាននិយា​យថា ការរីកចម្រើននៃបច្ចេកវិទ្យាហិរញវត្ថុ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័​ន្ធទូទាត់ សងប្រាក់តាមបែបឌីជីថល ដែ​លមានភាពឆាប់រហ័ស ងាយស្រួល និងតម្លៃទាប។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានធ្វើបដិវត្តកម្មក្នុងសេវាផ្ទេរប្រាក់ និងទូទាត់ទាំងក្នុង និងក្រៅប្រទេសផងដែរ។

លោកជំទាវបានបន្ថែមថា ធនាគារជាតិនៃកម្ពុជា បានបង្កើតឡើងនូវប្រព័ន្ធទូទាត់បាគង ដើម្បីផ្តល់លទ្ធភាពដល់អ្នកប្រើប្រា​ស់​អាចទូទាត់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុបានភ្លាមៗ តាមរយៈការស្កេន QR Code បានយ៉ាងងាយស្រួល។

លោកជំទាវ ជា សិរី បានបញ្ជាក់ថា ៖ «តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការទូទាត់ជា​មួ​យ អាជី​វ​ក​រដែលមាន ប្រព័ន្ធ Alipay ចំនួន ៨៣ លានអាជីវករនៅទូទាំងសកលលោក។ ដូចគ្នានេះដែរ ភ្ញៀវទេសចរអន្ត​រជាតិដែលម​កទស្សនានៅកម្ពុជាក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និងទទួលបានបទពិ​សោ​ធ​ក្នុងការទូ​ទា​ត់​នៅកម្ពុជាដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត»។

លោកជំទាវបានរំលឹកដល់អាជីវករកម្ពុជាផងដែរ​ថា ត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល និងបានស្នើឱ្យគ្រឹះ​ស្ថានធនាគារទាំងអស់លើកទឹកចិត្តអាជីវកររបស់ខ្លួនឱ្យបើកគណនីជាប្រាក់រៀល និងធ្វើការទូទាត់ជារៀល ដើម្បីទទួ​លបានអត្ថប្រយោជន៍ដ៏ច្រើនពីប្រព័ន្ធនេះ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ថ្លែង​ឱ្យដឹងនៅថ្ងៃទី​២២ ខែវិច្ឆិកា ដោយលោក​យល់ឃើញថា ការចុះអនុស្សរណៈរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន មានសារៈសំខាន់ខ្លាំងណាស់ និងជាការបើកផ្លូវមួយ សម្រាប់ធនាគារពាណិជ្ជកម្មនៅកម្ពុជា ជំរុញការទូទាត់តាមប្រព័ន្ធឌីជីថល រវាងប្រទេសទាំងពីរ។

លោកបានបញ្ជាក់ថា ៖ «បើតាមខ្ញុំចាំ កាលពីអំឡុងឆ្នាំ២០១០ អេស៊ីលីដា ក៏ធ្លាប់ចុះកិច្ចព្រមព្រៀងជាមួយ UPI (Union Pay International) ដើម្បីសម្រួលការទូទាត់ជាទម្រង់កាត។ យើងមានគោលដៅធំដើម្បីពង្រីកការទូទាត់ទៅកា​ន់គោលដៅប្រទេសជាច្រើននៅជុំវិញពិភពលោក។និយាយរួមកន្លែងណាក៏ដោយ ឱ្យតែធនាគារកណ្តាលរបស់យើង (NBC) គាត់ត្រួសត្រាយផ្លូវមុន បើកផ្លូវឱ្យមុន យើងនឹងអនុវត្តតាមក្រោយ»។

សូមរំលឹកថា នៅក្នុងឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជា(National Bank of Cambodia) បានចុះMoU ជាមួយធនាគារ និងប្រព័ន្ធទូទាត់របស់ចិន ចំនួន៣ហើយ រួមមានជាមួយក្រុមហ៊ុនUnionPay International, ក្រុមហ៊ុន AliPay Connect Pte. Ltd. និងធនាគារកណ្តាលចិន (People’s Bank of China) ដើម្បីជំរុញការទូទាត់តាមឌីជីថល ដោយប្រើ​ប្រាស់ប្រាក់រៀល របស់កម្ពុជា និងប្រាក់យ័នរបស់ ឱ្យមានលក្ខណៈទូលំទូលាយបន្ថែមទៀតនៅក្នុងប្រទេសទាំងពីរ៕

ដោយ៖វណ្ណ សុជាតា

ads banner