អ៊ីស្រាអែល-ហាម៉ាស យល់ព្រមលើបទឈប់បាញ់រយៈពេល ៤ថ្ងៃ ហើយដោះលែងចំណាប់ខ្មាំង ៥០នាក់

ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែល និងក្រុមហាម៉ាស់បានប្រកាសចេញនូវកិច្ចព្រមព្រៀងមួយសម្រាប់ការដោះលែងចំណាប់ខ្មាំង យ៉ាងហោចណាស់ ៥០នាក់ ជាថ្នូរនឹងបទឈប់បាញ់នៅលើតំបន់ហ្គាហ្សាស្ទ្រីប។

អ៊ីស្រាអែលបានជូនដំណឹង នៅថ្ងៃពុធ សប្តាហ៍នេះថា «រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងដំបូងមួយ ដើម្បីឲ្យឈ្លើយសឹកដែលត្រូវចាប់ យ៉ាងតិចណាស់ ៥០នាក់ រួមមាន ទាំងស្ត្រី និងកុមារ នឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្នុងរយៈពេល៤ថ្ងៃ» ។ .

បន្ទាប់ពីការចរចាជាច្រើនសប្តាហ៍ ដែលសម្របសម្រួលដោយប្រទេសកាតា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលយកកិច្ចព្រមព្រៀងនេះ។ លោកនាយករដ្ឋមន្ត្រីលើកឡើងថា ជាការសម្រេចចិត្តដ៏ស្មុគស្មាញ ប៉ុន្តែជាការសម្រេចចិត្តត្រឹមត្រូវ។

ប្រទេស កាតា បានបញ្ជាក់ពីកិច្ចព្រមព្រៀងសម្រាប់ «ការផ្អាកប្រយុទ្ធ ដើម្បីមនុស្សធម៌» ដែលនឹងត្រូវបានប្រកាស ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។ ការឈប់បាញ់គ្នានេះ នឹងមានរយៈពេល ៤ថ្ងៃ។

គួររម្លឹកថា មានចំណាប់ខ្មាំងប្រមាណ២៤០នាក់ មានមកពី២៥ប្រទេស ត្រូវបានចាប់ពង្រត់ អំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា មានតែជនជាតិអាមេរិកកាំង២នាក់ប៉ុណ្ណោះ ដែលត្រូវបានដោះលែងវិញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner