៩ខែ ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចផ្តល់សេវាជូនជនមានពិការភាពជាង ៦ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា ការងារស្តារលទ្ធភាពពលកម្មកាយសម្បទា ក្រសួងមានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាចំនួន ១១កន្លែង និងរោងជាងជួសជុលចំនួន ៣កន្លែង ដើម្បីផ្តល់សេវាជូនជនមានពិការភាពនៅទូទាំងប្រទេស។

នាឱកាសចូលរួមខួបទី ៣០ឆ្នាំ របស់ដេប៉ាតឺម៉ង់វិស្វកម្មឩបករណ៍សិប្បនិម្មិត និងរណប នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា រយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រសួងបានផ្តល់សេវាជូនជនមានពិការភាពសរុបចំនួន ៦៤,៣៦២នាក់ ក្នុងនោះផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ជូនជនមានពិការភាពចំនួន ២០,២៩៣នាក់។ ផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ជូនជនមានពិការភាពចំនួន ៧,៤៩១នាក់។ ផ្តល់សេវាស្តារលទ្ធភាពពលកម្មវេជ្ជសាស្រ្ត ជូនជនមានពិការភាពចំនួន ៣០,១១៩នាក់។ ជនមានពិការភាពក្រីក្រទទួលបានរបបគោលនយោបាយថែទាំសុខភាព ៣ម៉ឺនរៀលក្នុងមួយឆ្នាំមានចំនួន ៥,៩៧៤នាក់។

ជនមានពិការភាពក្រីក្រទទួលបានអំណោយសប្បុរសធម៌ចំនួន ៤៨៤នាក់ និងសាងសង់ផ្ទះជូនជនមានពិការភាពក្រីក្រចំនួន ៩ខ្នង។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា បញ្ចកោណទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតសំខាន់ៗទៅលើ ទី១.ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ,ទី២.បណ្ដុះបណ្តាលជំនាញបច្ចេកទេស , ទី៣.លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ,ទី៤. ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងទី៥. ពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលអរិយធម៌ខ្ពស់ ប្រកបដោយសីល សមធម៌ និងបរិយាបន្ន។ ដូច្នេះការបណ្តុះបណ្តាលបច្ចេកទេស ផលិតឧបករណ៍ អវយវៈសិប្បនិម្មិត និងរណប និងការស្តារលទ្ធភាពពលកម្ម កាយសម្បទា គឺជាការឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ខេង ស៊ីសារី នាយិកាប្រចាំប្រទេស នៃអង្គការ Exceed Worldwide និងជានាយិកា DPO បានបញ្ជាក់ថា នេះជាមោទនភាពដ៏ធំធេង ១ ក្នុងរយៈពេល ៣០ ដែលដេប៉ាតឺម៉ង់វិស្វកម្មឩបករណ៍សិប្បនិម្មិត និងរណប (CSPO) បានក្លាយជាស្ថាប័នឈានមុខគេលើពិភពលោក ដែលមាននិស្សិតមកពី ២៨ប្រទេស ផ្តល់គំរូបង្កើតសាលា ៤ប្រទេស និងក្លាយជាអ្នកដឹកនាំសម្ព័ន្ធ នៃសាលាបណ្តុះបណ្តាលសិប្បនិមិត្ត និងរណបនៅអាស៊ី។ លោកស្រីនាយិកាបន្ថែមថា សាលា CSPO ត្រូវបានដាក់ឱ្យនៅក្រោមរចនាសម្ពន្ធរបស់វិទ្យាស្ថានជាតិសង្គមកិច្ច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ និងបានប្រែក្លាយជាដេប៉ាតឺម៉ងវិស្វកម្មឧបករណ៍អវយវយៈសិប្បនិម្មិត និងរណប រហូតមកដល់បច្ចុប្បន្ន។ ដេប៉ាតឺម៉ង់នេះ មានកម្មវិធីបង្រៀនកម្រិតបរិញ្ញបត្រ លើជំនាញអ្នកបច្ចេកទេសឧបករណ៍អវយវយៈសិប្បនិម្មិត និងរណប និងកម្រិតវិញ្ញបនបត្រ លើជំនាញជំនួយការអ្នកបច្ចេកទេសផលិតអវយវយៈសិប្បនិម្មិត និងរណប៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner