សម័យប្រឡងបាក់ឌុប ២០២៣​៖ បេក្ខជនប្រឡងជាប់ជិត១០ម៉ឺននាក់ ,និទ្ទេស Aកើនជាងឆ្នាំមុន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ ។ក្នុងនោះ បេក្ខជនប្រឡងជាប់សរុបជិត១០ម៉ឺននាក់ ត្រូវជា ៧២ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង ខណៈនិទ្ទេស A មានជាង១ ៦០០នាក់ ។

សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ បានឱ្យដឹងថា ការប្រកាសលទ្ធផលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៣រសៀល សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្តាល និង ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តដទៃទៀត ។ ក្រសួងបញ្ជាក់ថា៖«ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១៦៧៣ នាក់ ,និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ ,និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ ,និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ និង និទ្ទេស E ចំនួន ៣៧ ២៦៩នាក់ ។

ចំពោះការរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ ចែកជា ២២៧មណ្ឌលប្រឡង ត្រូវជា ៥ ៥៤៣ បន្ទប់។ បេក្ខជនអវត្តមានសរុប ២ ៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១ ៨១៤នាក់ ស្រី៧៤៩នាក់)។

ជាមួយគ្នានេះក្រសួងអប់រំ បានជម្រាបជូនប្រធានមន្ទីរអប់រំ រាជធានី ខេត្ត ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាមន្ទីរសាមី ឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌល សំណេរក្នុងរាជធានី ខេត្ត នៅបន្ទប់អនុគណៈកម្មការបូកសរុបរបាយការណ៍ អគាររដ្ឋបាលក្រសួង ចៅពញាហុក ជាន់ទី៥ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ។

ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួម ពីនាយក នាយិកាគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង តំណាងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌដែលមានមណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។
ម្យ៉ាងវិញទៀត ការបើកនេះ ត្រូវមានរបាយការណ៍ផ្ញើមកនាយកដ្ឋានកិច្ចការប្រឡងវិញ តាមតេឡេក្រាមលេខ (០១២ ៧៣៦ ៧៦៧ ដោយមាន បញ្ជាក់ពីស្ថានភាពស្រោមដែលមានបិទស្កុត និងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោម បញ្ជីរាយនាម និងហត្ថលេខារបស់អ្នកចូលរួម។

មុនការប្រកាសលទ្ធផលនេះឯកឧត្តមឧបនាយរដ្ឋមន្រ្តី  ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមការចូលរួមពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបានថាគ្រប់ដំណាក់កាលនៃការប្រឡង ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្នុងឱកាសនោះឯកឧត្តមបានថ្លែងថា៖«គ្រប់គណៈកម្មការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។

គួរជម្រាបថា លទ្ធផលបេក្ខជនប្រឡងជាប់ឆ្នាំ ២០២៣ មានការកើនឡើងជាងឆ្នាំមុន ដោយលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២ ដោយមានសិស្សចំនួន ៩០ ៩៥០នាក់ប្រឡងជាប់ ស្មើនឹង ៧២,៣៣ ភាគរយ ក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ និទ្ទេស B ចំនួន ៧ ២៣២នាក់ និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស D ចំនួន ៣១ ១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០នាក់៕

ដោយ៖ សុខ រក្សា

ads banner