សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរដល់សិស្ស ប្រឡង ជាប់បាក់ឌុប និងលើកទឹកចិត្តដល់អ្នកធ្លាក់ ឱ្យខិតខំប្រឹងប្រែងរៀន សូត្របន្ថែម
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរប្អូនៗ និង ក្មួយៗទាំងអស់គ្នា ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តប្អូនៗ ក្មួយៗ ដែលទទួលបានលទ្ធផលមិនល្អ សូមកុំបាក់ទឹកចិត្ត ហើយ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីអាចទទួលបានលទ្ធផលល្អក្នុងការប្រឡងនាឆ្នាំក្រោយ ឬអាចនឹងចាប់យកឱកាសក្នុងការ សិក្សា ជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីនឹងបន្ត អភិវឌ្ឍ សិក្សា ជំនាញអាជីពសម្រាប់អនាគតដ៏ភ្លឺស្វាងនៅ ពេល ខាងមុខ ។
យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បាន បង្ហាញ ថាលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួល បាន និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់ ៕

ដោយ ៖ វណ្ណលុក