ក្រុមហ៊ុន OpenAI នាំយក Sam Altman មកធ្វើជា CEO វិញប៉ុន្មានថ្ងៃបន្ទាប់ពីការបណ្តេញចេញដ៏ចម្រូងចម្រាស់
អាមេរិក៖ ក្រុមហ៊ុនអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកOpenAI បាននិយាយកាលពីល្ងាចថ្ងៃអង្គារថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍សម្រាប់ការនាំយកសហស្ថាបនិករបស់ខ្លួនលោកSam Altmanត្រឡប់មកធ្វើជានាយកប្រតិបត្តិវិញត្រឹម ៥ថ្ងៃ បន្ទាប់ពីការបណ្តេញចេញដ៏គួរឱ្យភ្ញាក់ផ្អើល និងចម្រូងចម្រាសនៅក្នុងវិស័យបច្ចេកវិទ្យា។
ការត្រឡប់មកវិញរបស់ Altman នឹងស្ថិតក្រោយក្រុមប្រឹក្សាភិបាលថ្មីដែលទើបបង្កើតដែលមាន អតីតសហនាយកប្រតិបត្តិ Salesforce លោក Bret Taylor ជាប្រធាន លោក Larry Summers អតីតរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក និងអតីតក្រុមប្រឹក្សាភិបាលដើមមួយរូបគឺលោក Adam D’Angelo ជានាយក។
គួររំឭកថា Altman ត្រូវបានបណ្តេញចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីមានការប៉ះទង្គិចជាមួយក្រុមប្រឹក្សាភិបាលចាស់ជុំវិញការជំរុញរបស់ខ្លួនឱ្យ OpenAI ផ្តោតលើការរុករកកែប្រែបញ្ញាសិប្បនិម្មិតទៅជាអាជីវកម្មដែលបង្កើតផលិតផល។ ជុំវិញការបណ្តេញ Altman ក្រុមប្រឹក្សាភិបាលដើម បានផ្តល់ការពន្យល់តិចតួច ដោយថា CEO របស់ខ្លួនខ្វះភាពស្មោះត្រង់ និងថាការធ្វើនោះគឺដើម្បីការពារបេសកកម្មរបស់ OpenAI ក្នុងការអភិវឌ្ឍ AI ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។
ការផ្លាស់ប្តូរនោះបានធ្វើឱ្យសហគមន៍បច្ចេកវិទ្យា និងអ្នកវិនិយោគ OpenAI ភ្ញាក់ផ្អើលជាខ្លាំង។ ចំណែកអ្វីដែលធ្វើឱ្យការបណ្តេញ Sam Altman កាន់តែច្របូកច្របល់កាលពីចុងសប្តាហ៍កន្លងទៅគឺដោយសារលោកបានយល់ព្រមផ្លាស់ប្តូរទៅធ្វើការឱ្យ Microsoft ដើម្បីដឹកនាំក្រុមស្រាវជ្រាវថ្មីមួយ ដែលធ្វើឱ្យភាគច្រើននៃបុគ្គលិករបស់ OpenAI គំរាមចាកចេញពីក្រុមហ៊ុន លុះត្រាតែក្រុមប្រឹក្សាភិបាលលាលែងពីតំណែង ហើយហៅលោក Altman ចូលមកធ្វើជា CEO វិញ។
លោក Johann Laux អ្នកជំនាញនៅវិទ្យាស្ថានអ៊ិនធឺណិត Oxford ដែលផ្តោតលើការត្រួតពិនិត្យរបស់មនុស្សលើបញ្ញាសិប្បនិម្មិតបាននិយាយថា៖ «បញ្ហារបស់ក្រុមហ៊ុន OpenAI បង្ហាញឱ្យយើងឃើញពីភាពផុយស្រួយនៃប្រព័ន្ធអេកូឡូស៊ីរបស់ AI ពេលនេះ បូករួមទាំងការដោះស្រាយហានិភ័យរបស់ AI ផងដែរ»។
សម្រាប់ Sam Altman បន្ទាប់ពីកិច្ចចរចាបានបញ្ចប់ទៅដោយជោគជ័យ លោកបានប្រកាសនៅលើបណ្តាញសង្គម X ថាខ្លួនបាននិយាយជាមួយនឹងក្រុមប្រឹក្សាភិបាលថ្មីរួចរាល់ និងដោយមានការគាំទ្រពី Satya លោកកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ទៅកាន់ OpenAI និងការកសាងភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន Microsoft៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://apnews.com/article/altman-openai-chatgpt-31187f7f6eca8ff9d0eef7585aac6ace