ប្រធានសមាគមសណ្ឋាគារកម្ពុជា លើកទឹកចិត្តយុវជន ចូលរួម ហាត់ ការ ដើម្បីទទួលបានបទពិសោធន៍ការងារ

(ភ្នំពេញ)៖ ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ឋ បានលើកទឹកចិត្តដល់យុវជនចូលរួមហាត់ការ តាមបណ្តាក្រុមហ៊ុន សហគ្រាស ក្នុងគោលបំណង ដើម្បី ទទួលបានបទពិសោធជាក់ស្តែងទាំងចំណេះដឹង និង ចំណេះ ធ្វើមុននឹងឈានឆ្ពោះទទួលបានការងារធ្វើនាពេលអនាគត។

ការលើកទឹកចិត្តរបស់លោកយ៉ាងដូច្នេះ ស្របពេលដែល រាជរដ្ឋា ភិបាល កំពុងដាក់អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅ យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ចំនួន ១,៥ លាន នាក់ ហើយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជំរុញ ក្រុមហ៊ុន សហគ្រាស សមាគម ក្នុងការផ្តល់ឱកាសហាត់ការ និង កម្មសិក្សាដល់សិស្ស ដែលនឹងចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាល នេះផងដែរ។

លោក ឌិន សុមេធារិទ្ឋ បានលើកឡើងថា ការហាត់ការគឺមាន សារៈ សំ ខាន់ណាស់ទាំងចំណេះដឹង និង ចំណេះធ្វើ ដើម្បីឈាន ទៅរក ការងារជាក់ស្តែង ឲ្យពួកគាត់យល់ចំពោះការអនុវត្តការងារផ្ទាល់។

ជាមួយគ្នានេះ លោកបានបង្ហាញសុទិដ្ឋិនិយមថា សមាគមដែល បាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ( MoU) ជាមួយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការផ្តល់ឱកាស ដល់ប្អូនៗដែលបានរៀនសូត្រក្នុងកម្មវិធីនេះដើម្បីបញ្ចេញសមត្ថភាពឲ្យក្រុមហ៊ុនទាំងអស់នោះបានស្គាល់សមត្ថភាព ចំណេះជំនាញពួកគេ។

លោកមានប្រសាសន៍ថា៖ « ការផ្តល់ឱកាសឲ្យគាត់ហាត់ការហ្នឹង ជាពេលវេលាមួយដល់ល្អសម្រាប់ឲ្យភាគីទាំងពីរបានយល់ចិត្តគ្នា បានស្គាល់គ្នា ពិសេសបានផ្តល់ឱកាសការងារ ឲ្យអ្នកហាត់ការហ្នឹង ទទួលបានចំណេះដឹង ចំណេះធ្វើ ឲ្យពួកគាតអនុវត្តផ្ទាល់ តើការងារក្តៅ ត្រជាក់យ៉ាងណាចំពោះការអនុវត្តជាក់ស្តែង»។

បន្ថែមលើសនេះ លោក សុមេធារិទ្ឋ ក៏បានគាំទ្រប្រសាសន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញ នូវគោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ដោយផ្តោតសំខាន់លើគោលការណ៍ «ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ» ក្នុងគោលបំណងដើម្បីឲ្យកម្មវិធីនេះ ទទួលបានប្រសិទ្ឋភាព។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រសួងការងារ និង បណ្តុះណ្តាលវិជ្ជាជីវៈបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧ ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគាំទ្រ ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ក្រសួងការងារ និង បណ្តុះណ្តាលវិជ្ជាជីវៈ ក៏បានចាត់ទុកថា នេះជា កិច្ចសហប្រតិបត្តិការបើកផ្លូវដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តក្នុងការចូលរួមចំណែក ជួយកសាង អភិវឌ្ឍ និងពង្រឹងធនធាន មនុស្សនៅកម្ពុជា និងអាចឱ្យម្ចាស់រោងចក្រ សហគ្រាស និងក្រុម ហ៊ុន ឯកជននានា ជ្រើសរើសក្នុងចំណោមអ្នកហាត់ការដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ ធ្វើជាកម្មករនិយោជិត និងបុគ្គលិករបស់ខ្លួនតែម្តង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner