វៀតណាម ប្ដេជ្ញាបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយ បន្ទាប់ពីប៉ូលិសរកឃើញការក្លែងបន្លំអចលនទ្រព្យរាប់ពាន់លានដុល្លារ

ហាណូយ៖ មេដឹកនាំ​កំពូល​របស់​វៀតណាម​បាន​សន្យា​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេសជាតិខ្លាំង។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងបន្ទាប់ពីប៉ូលិសបានរកឃើញករណីឧក្រិដ្ឋកម្មហិរញ្ញវត្ថុទ្រង់ទ្រាយធំមួយក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ ដែលមានចំនួនរហូតដល់ទៅជាង ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។

គួរដឹងដែរថា យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាមបានចាប់ផ្ដើមអនុវត្តចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែបានផ្ទុះការគាំទ្រខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរកុម្មុយនិស្តវៀតណាមបានបង្រ្កាបករណីក្លែងបន្លំ និងអំពើពុករលួយដ៏ល្បីជាច្រើនដែលពាក់ព័ន្ធនឹងថ្នាក់ដឹកនាំក្រុមហ៊ុនដូចជានាយកប្រតិបត្តិសាជីវកម្មធំៗ និងបណ្ដាមន្ត្រីជាន់ខ្ពស់របស់រដ្ឋ។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ្វ៊ូចុង (Nguyen Phu Trong) បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា «យើងត្រូវធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឱ្យបានលឿន និងមានប្រសិទ្ធភាព។ យើង​នឹង​មិន​ឈប់​ត្រឹមនេះនោះ​ទេ ប៉ុន្តែ​នឹង​បន្តធ្វើទៀតក្នុង​រយៈពេល​វែងទៅខាងមុខ»។

ជាថ្មីម្ដងទៀត ការថ្លែងរបស់លោក ចុង នេះបានធ្វើឡើងបន្ទាប់ពីប៉ូលិសរកឃើញលទ្ធផលនៃការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែមកហើយ ទៅលើរឿងអាស្រូវហិរញ្ញវត្ថុចំនួនពីរ ដែលទាក់ទងនឹងករណីក្លែងបន្លំក្នុងទំហំទឹកប្រាក់សរុបចំនួន ១២,៨​ ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៣,២ ភាគរយនៃសេដ្ឋកិច្ច។

នៅក្នុងរឿងអាស្រូវធំទាំងពីរនេះ លោកស្រី ចូង ម៉ៃឡាន (Truong My Lan) ប្រធានក្រុមហ៊ុនអចលនទ្រព្យមួយ រួមជាមួយនឹងបក្ខពួករបស់លោកស្រី បានលួចកិបកេងប្រាក់ចំនួន ១២,៥៤ ប៊ីលានដុល្លារអាមេរិក ពីធនាគារ Saigon Joint Stock Commercial Bank នេះបើយោងតាមការស៊ើបអង្កេតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យមុន។

ករណីនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅពេលដែលលោកស្រី ឡាន ត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំមុន។ ករណីនេះក៏បាននាំឱ្យមានវិបត្តិក្នុងវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្របំណុលសាជីវកម្ម ដែលលោកស្រីត្រូវបានគេចោទប្រកាន់ថា ​បាន​បញ្ចេញ​មូលបត្រ​បំណុល​ខុសច្បាប់ជា​ច្រើន។

យុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ស្វិតស្វាញរបស់វៀតណាម ត្រូវបានគេហៅថាជាយុទ្ធសាស្ត្រ (គុកភ្លើង) ដែលស្រដៀងនឹងយុទ្ធនាការរបស់ប្រទេសចិន។ យុទ្ធនាការនេះបានបង្ហាញឱ្យឃើញពីផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ដែលបណ្ដាលមកពីអំពើពុករលួយទាំងអស់នោះ។ ជាលទ្ធផល ​ប្រតិបត្តិការ​ហិរញ្ញវត្ថុបច្ចុប្បន្ន​មានការ​ពិបាក និងតឹងរ៉ឹងជាងមុន ព្រោះ​ក្រុមមន្ត្រីរាជការ​ខ្លាច​ថា​ពួកគេ​អាច​នឹង​ជាប់ឈ្មោះ​ក្នុង​ការ​ស៊ើបអង្កេត។

រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹងនោះទេ​ថា ​តើករណីលួច​បន្លំ​មាន​ទំហំធំ​ប៉ុណ្ណា​ ប៉ុន្តែអ្នកជំនាញផ្នែកហិរញ្ញវត្ថុមានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិស័យធនាគារ។ ជាក់ស្ដែង យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន JP Morgan បានឱ្យដឹងថា ដោយសារតែទំហំរឿងអាស្រូវនេះមានទ្រង់ទ្រាយធំពេក ដូច្នេះច្បាប់ហិរញ្ញវត្ថុនឹងត្រូវរឹតបន្តឹងជាងមុន។ ការណ៍នេះអាចធ្វើឱ្យធនាគារត្រូវចំណាយកាន់តែច្រើន ហើយនាំទៅរកការបន្ថយល្បឿនកំណើនសេដ្ឋកិច្ចទៀតផង។

កាលពីខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ីបានព្រមានអំពីហានិភ័យនៃធនាគារដែលរងផលប៉ះពាល់ដោយវិបត្តិអចលនទ្រព្យដោយសារតែការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ (Non-performing loans)។ កាលពីថ្ងៃពុធ ទីភ្នាក់ងារវាយតម្លៃសហកម្មសិទ្ធិរបស់ក្រុមហ៊ុន Moody’s បាននិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបានចុះបញ្ជីនៅវៀតណាម កំពុងប្រឈមនឹងសម្ពាធកង្វះលទ្ធភាពសងបំណុលដ៏ច្រើនរបស់ពួកគេ ដោយសារតែប្រាក់ចំណូលបានធ្លាក់ចុះ ហើយទុនបម្រុងសាច់ប្រាក់របស់ពួកគេក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៥ ឆ្នាំ។

បន្ថែមលើនេះ​ នៅក្នុងករណីដោយឡែកមួយទៀត ប៉ូលិសបានចោទប្រកាន់ប្រធានក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះថា Tan Hoang Minh Group ដែលបានចេញសញ្ញាប័ណ្ណខុសច្បាប់ដល់វិនិយោគិនចំនួន ៦៦០០ នាក់ ស្មើនឹងទឹកប្រាក់ចំនួនប្រមាណជាង ៣៥០ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖​ Channel NewsAsia
Vietnam to extend anti-graft drive as police reveal real estate fraud worth 3% of GDP

https://www.channelnewsasia.com/asia/vietnam-extend-anti-graft-corruption-3-cent-gdp-3941606

ads banner