អ្នកជំនាញ៖ គោលការណ៍ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើ​ដំបូល នឹងជួយអភិវឌ្ឍភាពបៃតងក្នុង​វិស័យ​ទេសចរណ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកជំនាញ ​បានបង្ហាញក្តីជឿជាក់ថា គោលការណ៍ជំរុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល នឹងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យទេសចរណ៍ តាមរយៈជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពក្នុងការប្រើប្រាស់ថាមពលស្អាត និងជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា។

ការលើកឡើងរបស់អ្នកជំនាញបែបនេះបានធ្វើឡើង  បន្ទាប់ក្រសួងរ៉ែ និងថាមពល កាលពីខែមេសា ឆ្នាំ២០២៣ បានដាក់ចេញនូវ«គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា»​ ខណៈគោលការណ៍នេះ អាចជាឯកសារសំខាន់ជាមូលដ្ឋានក្នុងបទបញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ចេញឱ្យអនុវត្តនៅដើមឆ្នាំ ២០២៤ខាងមុខ។

តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងអង្គការ WWF ប្រចាំកម្ពុជា បានផ្សាយចេញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ផេង វណ្ណា មន្រ្តីគ្រប់គ្រងកម្មវិធីថាមពលនៃអង្គការWWF បានលើកឡើងថា វិស័យទេសចរណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិស័យមួយនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលជំងឺឆ្លងរាតត្បាត។

លោកបន្តថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈកំណើននៃចំនួនអ្នកទេសចរ គឺបង្ហាញពីឱកាសពិសេសមួយក្នុងការពង្រឹងការអភិវឌ្ឍបៃតងរយៈពេលវែងជំរុញការប្រើប្រាស់ថាមពលស្អាត នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងឧស្សាហកម្មគ្មានផ្សែងមួយនេះ ដើម្បីលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច រួមចំ​ណែកឆ្ពោះទៅរកភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

អ្នកជំនាញខាងលើបន្តថា៖«គោលការណ៍ ឬបទបញ្ញត្តិថ្មី ដែលរំពឹងថានឹងដាក់ចេញនាពេលខាងមុខនេះ អាចបង្កើតផ្លូវច្បាស់លាស់មួយជំរុញកាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលនឹងអាចកាត់បន្ថយថ្លៃអគ្គិសនី ពង្រឹងស្ថេរភាពការផ្គត់ផ្គង់ថាមពលស្អាត និងកាត់បន្ថយការបញ្ចេញកាបូនផង»។

ជាមួយគ្នានេះ លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លើកឡើងដែរថា «បទបញ្ញត្តិដែលរំពឹងថានឹងដាក់ចេញពេលខាងមុខនេះ គឺជាសញ្ញាណច្បាស់លាស់នៃការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះអព្យាក្រឹតភាពកាបូន និងចូលរួមបំផុសគំនិតអភិវឌ្ឍន៍និរន្តរភាពក្នុងតំបន់ ដោយផ្អែកលើយន្តការលើកទឹកចិត្តការប្រើប្រាស់ថាមពលស្អាត»។

លោកបន្តថា៖«ទំនួលខុសត្រូវក្នុងការផ្លាស់ប្តូរ លើសពីចំណារក្នុងក្រដាសមកជាការអនុវត្តជាក់ស្តែង  គឺស្ថិតនៅលើបុគ្គលម្នាក់ៗ និងតាមវិស័យរៀងៗខ្លួន ខណៈវិស័យទេសចរណ៍មានសក្តានុពលក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំនៅក្នុងការផ្លាស់ប្តូរនេះ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី មិនថាសណ្ឋាគារ ឬរីសតធំៗ និងផ្ទះស្នាក់អេកូទេសចរណ៍ដែលដឹកនាំដោយសហគមន៍នោះឡើយ»។

បើតាមសេចក្តីថ្លែងការណ៍រួមដដែល បានលើកឡើងថា ទោះជាការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតធំ(សួនសូឡា)ទាក់ទាញការវិនិយោគច្រើនយ៉ាងណា ក៏កម្ពុជានៅមិនទាន់ទាញប្រយោជន៍ជាអតិបរមាពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យអស់លទ្ធភាពនៅឡើយទេ។ ក្រសួងរ៉ែ និងថាមពលបានប៉ាន់ប្រមាណថា លទ្ធភាពក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាអាច នឹងមានប្រមាណ ៣ពាន់មេហ្កាវ៉ាត់ ឬស្មើនឹងជិត៣០ភាគរយ​នៃការផ្គត់ផ្គង់ ថាមពលក្នុងស្រុកសរុបនាឆ្នាំ ២០៤០។ នាពេលបច្ចុប្បន្ននេះ កម្ពុជាទើបតែទាញយកថាមពលអគ្គិសនី ជាង ៤០០ មេហ្កាវ៉ាត់ប៉ុណ្ណោះពីថាមពលពន្លឺព្រះអាទិត្យ។

ស្ថាប័នទាំងពីរបន្តថា ស្របនឹងការផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗថាចំនួនភ្ញៀវទេសចរអន្តរជាតិបានមកទស្សនាប្រទេសកម្ពុជា បានកើនចំនួនប្រមាណជិតបីដងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២ ដែលបង្ហាញថាចំនួនអ្នកទេសចរកើនឡើងវិញក្រោយពេលមានវិបត្តិនៃជំងឺឆ្លង។ ស្ថាប័នទាំងពីរយល់ថា៖« គោលការណ៍ថ្មីស្តីពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនេះ គឺបានកត់សំគាល់អំពីគុណប្រយោជន៍របស់ថាមពលស្អាត ក្នុងវិស័យទេសចរណ៍»។

ជាងនេះទៀត គោលការណ៍ថ្មីនេះ អាចនឹងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ថាមពលស្អាតក្នុងស្រុក និងលើកទឹកចិត្តដល់តួអង្គផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលដែលអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍ធម្មជាតិតាមសហគមន៍នៅទូទាំងប្រទេស៕

អត្ថបទ៖ បូរ ពេជ្រហ្សាលីន

ads banner