ហ្វាំងឡង់បន្ថែមបុគ្គលិកដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុកមកពីព្រំដែនរុស្ស៉ី

ហែលស៊ិនគី៖ ទីភ្នាក់ងារការពារព្រំដែន និងឆ្នេរសមុទ្រអឺរ៉ុប Frontex កាលពីថ្ងៃទី ២៣វិច្ឆិកានេះ បាននិយាយថា ខ្លួននឹងបញ្ជូនមន្រ្តីបន្ថែមទៀតទៅកាន់ប្រទេសហ្វាំងឡង់នៅសប្តាហ៍ក្រោយ ខណៈដែលបណ្ដា ប្រទេសអឺរ៉ុបខាងជើង កំពុងកំណត់ចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោ​នដែលចូលមក​តាមរយៈ​ច្រកព្រំដែន​ប្រទេសរុស្ស៊ី។

ទីភ្នាក់ងារ Frontex បាននិយាយលម្អិតនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា  ខ្លួននឹងដាក់​ពង្រាយ​មន្ត្រីឆ្មាំព្រំដែនចំនួន ៥០ នាក់ និងបុគ្គលិកផ្សេងទៀតទៅកាន់ប្រទេសហ្វាំងឡង់ រួមជាមួយនឹង​ឧបករណ៍ដូចជារថយន្តល្បាត ដើម្បីជំរុញសកម្មភាពត្រួតពិនិត្យ។

ទីភ្នាក់ងារ Frontex ក៏នឹងបញ្ជូនបុគ្គលិកមួយក្រុមដំបូងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ដែលរួមមានមន្ត្រីឃ្លាំ​មើលព្រំដែន បុគ្គលិកដើម្បីជួយលើការចុះឈ្មោះជនចំណាកស្រុក អ្នកជំនាញ​ផ្នែករៀប​ចំទុកដាក់​ឯកសារ និងអ្នកបកប្រែជាដើម។

ទាក់ទិននឹងចំណុចនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen បាននិយាយថា ប្រទេសរបស់ខ្លួន​នឹងបង្កើន​ការប្រមូលព័ត៌មាននៃអ្នកដែលធ្វើដំណើរមកដល់ព្រំដែន តាមរយៈបង្កើតមជ្ឈមណ្ឌល​សម្រាប់ការប្រមូលរូបថត ស្នាមម្រាមដៃ និងព័ត៌មានអត្តសញ្ញាណ​ផ្សេងទៀត។

តាមរយៈការរិតបន្តឹងនេះ លោកស្រី Rantanen បាន​និយាយនៅ​លើ​គេហទំព័រ X ថា​៖ «​ទាំងអស់នេះ​គឺធ្វើឡើង​ក្រោម​ហេតុផល​សន្តិសុខ ​ព្រោះ​យើង​មិន​ដឹង​ថា​នរណាខ្លះ​នឹង​ឆ្លង​ព្រំដែន​នោះ​ទេ​»។

ក្នុង​ភាពចលាចលនេះ ហ្វាំងឡង់ បានចោទប្រកាន់ទីក្រុងមូស្គូចំពោះការបើក​ច្រកព្រំដែន​ឱ្យអ្នកចំណាកស្រុកប្រហែល ៧០០នាក់ឆ្លងកាត់ ក្នុងរយៈពេលពីរសប្តាហ៍ចុង​ក្រោយនេះ។ ដោយឡែក អ្នកចំណាកស្រុកទាំងនោះ​ជាប្រជាជននៃប្រទេសដូចជា យេម៉ែន អាហ្វហ្គានីស្ថាន កេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី និងស៊ីរី។ ប៉ុន្តែយ៉ាងណា ទីក្រុងមូស្គូបាន​បដិសេដនូវការចោទ​ប្រកាន់នេះ។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងបិទនូវច្រក​ព្រំដែន​ទាំងអស់ លើកលែងតែចំណុចឆ្លងកាត់ភាគខាងជើងបំផុតនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី ចាប់​ពីព្រឹកថ្ងៃ​សុក្រតទៅ ដោយវិធានការ​ដំបូង​នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​មួយ​ខែ៕

ប្រែសម្រួល៖ កែវ បុស្បា

ប្រភព៖ https://www.reuters.com/world/europe/eu-deploy-more-staff-finnish-russian-border-amid-asylum-crisis-2023-11-23/

ads banner