រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងចិនជប៉ុននឹងមានកិច្ចពិភាក្សាកំពូលត្រីភាគីជាលើកដំបូងក្នុងរយៈបួនឆ្នាំ
សេអ៊ូល៖ក្រសួងការបរទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសបី រួមមាន កូរ៉េខាងត្បូង ចិន និងជប៉ុន នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងរបស់ពួកគេឡើងវិញក្នុងរយៈពេលបួនឆ្នាំ នាថ្ងៃអាទិត្យខាងមុខនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រទេសជាប់ខាងទាំងបីនេះបានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលជារៀងរាល់ឆ្នាំ ដោយមានការចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ មកដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ប៉ុន្តែផែនការនេះត្រូវបានបង្អាក់ដោយជម្លោះទ្វេភាគីជានិច្ចជាកាល បូករួមទាំងការរីករាលដាលនៃជំងឺកូវីដ១៩ផង។ កិច្ចប្រជុំកំពូលចុងក្រោយនៃប្រទេសសេដ្ឋកិច្ចយក្សអាស៊ីទាំង៣ នេះបានធ្វើឡើងនៅឆ្នាំ ២០១៩។
សម្រាប់ឆ្នាំ២០២៣ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសដែលជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩មក នឹងប្រព្រឹត្តទៅនៅកំពង់ផែមួយនៃទីក្រុងប៊ូសាន( Busan) របស់កូរ៉េខាងត្បូង។ កិច្ចប្រជុំនេះដែរ គឺត្រូវបាន អ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំងបីយល់ព្រមរៀបចំតាំងតែពីខែកញ្ញាមកម្ល៉េះ។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា៖«រដ្ឋមន្ត្រីការ បរទេសគ្រោងនឹងផ្លាស់ប្តូរទស្សនៈ លើទិសដៅនៃការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការត្រីភាគី រួម
ទាំងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលត្រីភាគីលើកទី៩ បូករួមទាំងការពិភាក្សាលើបញ្ហាតំបន់ និងពិភពលោក»។
គួរជម្រាបថា កិច្ចពិភាក្សានេះធ្វើឡើងចំពេលដែលកូរ៉េខាងត្បូង និងជប៉ុន មានការកែលម្អទំនាក់ទំនង រវាងគ្នាហើយថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសហរដ្ឋអាមេរិក។ដោយឡែក សម្រាប់ភាគីរដ្ឋាភិបាលក្រុងប៉េកាំងធ្លាប់បានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងជប៉ុនអាចបង្កើនភាពតានតឹង និងការប្រឈមមុខគ្នានៅក្នុងតំបន់។
បន្ថែមពីលើនេះ កិច្ចប្រជុំនៅទីក្រុងប៊ូសាន ក៏ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយនៅសប្តាហ៍នេះថា ខ្លួនបានបាញ់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ ដែលទាញការថ្កោលទោសជាអន្តរជាតិចំពោះការរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.reuters.com/world/asia-pacific/foreign-ministers-skorea-china-japan-meet-sunday-seoul-2023-11-24/