ប្រមុខអង្គការប្រជាជាតិចុះសង្កេតមើលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនៅទ្វីបអង់តាក់ទិក

សាន់ត្យាហ្គោ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូដទែរេស នៅថ្ងៃពុធសប្តាហ៍នេះ បាននិយាយនៅទីក្រុងសាន់ត្យាហ្គោ ថា លោកនឹងទៅទស្សនាទ្វីបអង់តាក់ទិក ជាមួយប្រធានាធិបតីឈីលី លោក ហ្គាព្រីអែល បូរីគ ដើម្បីចុះសង្កេតមើលដោយផ្ទាល់ ចំពោះផលប៉ះពាល់ដ៏អាក្រក់នៃការប្រែប្រួលអាកាសធាតុ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូដទែរេស និងប្រធានាធិបតីឈីលី លោក ហ្គាព្រីអែល បូរីគ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានធ្វើដំណើរតាមជើងហោះហើរ និងកូនទូកទៅទស្សនាកម្រិតទឹកកកនៅក្នុងតំបន់មហាសមុទ្រអង់តាក់ទិក ហើយនឹងទៅទស្សនកិច្ចមូលដ្ឋានវិទ្យាសាស្ត្រឈីលីចំនួនបី ព្រមទាំងផ្ទាំងទឹកកក Collins និងកោះ Kopaitic មុនពេលត្រឡប់មកកាន់ប្រទេសឈីលីវិញនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរក៏នឹងចូលរួមក្នុងការបាញ់បង្ហោះបាឡុងតាមដានអាកាសធាតុផងដែរ។ បើតាមប្រធានាធិបតីឈីលី គោលបំណងនៃដំណើរទស្សនកិច្ចខាងលើនេះ គឺដើម្បីគូសបញ្ជាក់ពីផលប៉ះពាល់ នៃការកើនឡើងកំដៅផែនដី និងអំពាវនាវឱ្យមានការប្រឹងប្រែងរួមគ្នាទូទាំងពិភពលោក ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

នៅមុនកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយក្នុងទីក្រុងឌូបៃ លោក ហ្គូដទែរេស បានជំរុញឱ្យមេដឹកនាំពិភពលោក ចូលរួមកិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតា ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន។ អង្គការសហប្រជាជាតិក៏បានព្រមានកាលពីថ្ងៃចន្ទសប្តាហ៍នេះដែរថា ភពផែនដីកំពុងស្ថិតនៅលើផ្លូវមួយ ដែលប្រឈមនឹងរលកកំដៅមហន្តរាយក្នុងចន្លោះពី ២.៥អង្សាសេ និង ២.៩អង្សាសេ នៅឆ្នាំ ២១០០៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner