កម្ពុជាបានក្លាយជាប្រទេសទី ៥ នៅលើសកល លោក និងជាប្រទេស ដំបូង គេបង្អស់ក្នុងតំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំ ” កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែល គ្មានមីន” នៅឆ្នាំ២០២៤
ភ្នំពេញ៖ខណៈដែលឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីននៃប្រទេសកម្ពុជាដឹកនាំប្រតិភូអាជ្ញាធរមីនចូលរួមនោះ កម្ពុជាត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទី ក្រុងហ្សឺណែវ ប្រទេសស្វីសថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបោះឆ្នោតជ្រើសតាំងជា ប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ ឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។តាមរយៈ នៃការបោះឆ្នោត នេះ កម្ពុជា គឺជាប្រទេសទី ៥ នៅលើសកល លោក និងជាប្រទេសដំបូង គេបង្អស់ ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាន និង ជាម្ចាស់ផ្ទះដឹកនាំ កិច្ចប្រជុំ នេះ ។
ប្រភពអាជ្ញាធរមីនបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០២៣ថា ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ ឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មាន មីន”នោះ នឹង មានការ ចូល រួម ពី រដ្ឋ សមាជិក ចំនួន ១៦៤ រដ្ឋ អង្កេត ការណ៍ ដទៃទៀត រួម ទាំង អង្គការ -ស្ថាប័ន ពិភពលោក ជា ច្រើន ។
ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញា អូតាវ៉ាត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តងហើយកម្ពុជា គឺជា ប្រទេសទី ៥ នៅលើសកល លោក និងជាប្រទេសដំបូងគេ បង្អស់ក្នុង តំបន់អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ច ប្រជុំនេះ ។ កិច្ចប្រជុំ លើកទី១ធ្វើនៅ ប្រទេសកេនយ៉ា ឆ្នាំ ២០០៤ ,លើកទី២ នៅប្រទេសកូឡុំប៊ីឆ្នាំ២០០៩ ,លើកទី៣នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥ នៅប្រទេសកម្ពុជាឆ្នាំ២០២៤ ខាងមុខ។
ក្នុងនាមជាប្រធាន និង ម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកម្ពុជាបានជ្រើស យកទឹកដីខេត្តសៀមរាបសម្រាប់ការរៀបចំ និងមានការចូលរួមពី រដ្ឋសមាជិកចំនួន ១៦៤ ប្រទេស និង រដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ -ស្ថាប័ន ពិភពលោកជាច្រើនទៀត ។
ក្នុងសារអបអរសាទរលើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែល កម្ពុជានឹងបញ្ជាក់ជូន សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្តចំពោះការ បោស សម្អាតមីន ប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យមើលលើវឌ្ឍនភាព នៃការអនុត្តផែនការសកម្មភាពកន្លងមក ។ កម្ពុជាគ្រោងនឹងដាក់ចេញនូវការងារ អាទិភាពចំនួន ៣ រួម មាន ៖
១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា
២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង
៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ជាងនេះ ទៅទៀតកម្ពុជានឹងរៀបចំឱ្យមានជាសេចក្តី ថ្លែងការណ៍ស្តីពី ផែនការ សកម្មភាព ៥ឆ្នាំបន្ត សម្រាប់ រដ្ឋសមាជិក និង ភាគី ពាក់ព័ន្ធ ទាំងអស់យកទៅអនុវត្តដោយមានឈ្មោះថា “សេចក្តី ថ្លែងការណ៍ សៀមរាប -អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan” ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារ ប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។
សម្ដេចធិបតីបានបន្តថា “ក្នុងឱកាសនេះខ្ញុំសូមកោតសរសើរជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន ប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ ជាតិ -អន្តរជាតិ សហគមន៍ សកម្មភាពមីន និងគ្រប់ភាគី ពាក់ព័ន្ធ សម្រាប់ កិច្ច ខិតខំប្រឹង ប្រែង និងចូលរួមចំណែកជំរុញឱ្យប្រទេស និងប្រជាជនកម្ពុជា រួចចាកផុតពីទុក្ខវេទនា ដោយសារមីនប្រឆាំង មនុស្សដែល ជាមរតកសង្រ្គាម ដ៏ រ៉ាំរ៉ៃនៅកម្ពុជា ។
ខ្ញុំ ក៏សូមថ្លែងអំណរគុណចំពោះ រដ្ឋជាសមាជិក នៃអនុសញ្ញាអូតាវ៉ា និង សហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និង វាយតម្លៃ ខ្ពស់ដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការសកម្មភាពមីន ក៏ដូចជាបាន ផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាននិងម្ចាស់ ផ្ទះរៀប ចំកិច្ច ប្រជុំកំពូលដ៏មានសារសំខាន់នេះ “។
សូមជម្រាបថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពី ការហាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញា របស់ អង្គការ សហប្រជាជាតិ និង ជា ការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់ សហគមន៍ អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយ មីនប្រឆាំង មនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់ អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕
ដោយ៖វណ្ណលុក
រូបថតៈអាជ្ញាធរមីន







