អភិបាលរាជធានីភ្នំពេញ៖ ផ្នែកឯកជន គឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាល ម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្នែកឯកជនគឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាល ម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ កម្ពុជា នឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នាឆ្នាំ២០៥០ ខាងមុខនេះ ។
ឯកឧត្តម ឃួង សង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បែបនេះក្នុងពិធី “ បើកសម្ភោធផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ឯ.ក” មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញនា ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយអាជីវកម្មទាំងនោះកំពុងដំណើរការដោយរលូន ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។
ឯកឧត្តម ឃួង ស្រេង លើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និង ទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគលើគ្រប់វិស័យ ។
ឯកឧត្តម បន្តទៀតថា ការសម្ពោធបើកដំណើរការផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា នាពេលនេះ គឺជាសក្ដានុពលអាជីវកម្ម សម្រាប់បំពេញតម្រូវការទីផ្សារជាក់ស្តែង ដែលនឹងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវនេះតែម្តង។
លោក ខ្លីហ្វ កហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឱ្យដឹងថា ផ្សាររាត្រីផ្លូវជាតិលេខ៥ គឺជាគម្រោងអភិវឌ្ឍន៍ពិសេសមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អីស្ទេត គ្រុប ដើម្បីឆ្លើយតបទៅនឹងទំនួលខុសត្រូវសង្គម ។ ផ្សារនេះមានស្តង់ជាង៣០០ ដែលមាន ទាំងអាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទ ដែលបានចូលរួមលើកកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុង ទីក្រុងភ្នំពេញ។ គម្រោងនេះដែរគ្របដណ្ដប់លើផ្ទៃដីសរុប១,៨ហិកតា ដែលក្នុងនោះ មានវិថីពាណិជ្ជកម្ម ស្ដង់អាហារភេសជ្ជៈ និងផ្សារលក់រាយ ដែលអាចបំពេញនូវរាល់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការកម្សាន្ត និងការ សម្រាកលំហែផងដែរ ៕
ដោយ ហេង សម្បត្តិ +ថេត វិចិត្រ














