កូនដំរីភ្លោះដ៏កម្រកើតនៅប្រទេសកេនយ៉ា

ណៃរ៉ូប៊ី៖ ក្រុមអ្នកអភិរក្ស នៅថ្ងៃសុក្រសប្តាហ៍នេះ និយាយថា ដំរីញីមួយក្បាលនៅក្នុងប្រទេសកេនយ៉ា បានផ្តល់កំណើតឱ្យកូនដំរីភ្លោះពីរក្បាល ដែលនេះជាព្រឹត្តិការណ៍ដ៏កម្រមួយ សម្រាប់ថនិកសត្វដ៏ធំបំផុតរបស់ភពផែនដី។

អង្គការសង្គ្រោះសត្វដំរី ឬ Save the Elephants បានបញ្ជាក់ថា កូនដំរីញីភ្លោះទាំងពីរក្បាលនេះ បានចាប់កំណើតនៅដែនជម្រកសត្វព្រៃ Samburu ភាគខាងជើងប្រទេសកេនយ៉ា ជាមួយនឹងមេដំរីឈ្មោះ Alto។ វីដេអូមួយដែលបង្ហោះនៅលើបណ្តាញសង្គម X ដោយអង្គការសង្គ្រោះសត្វដំរី បានបង្ហាញពីកូនដំរីភ្លោះ កំពុងបៅដោះមេដំរីរបស់ពួកវា រួមជាមួយហ្វូងដំរីដទៃទៀត។

ពូជដំរីអាហ្រ្វិកមានរយៈពេលពរពោះយូរបំផុត ក្នុងចំណោមថនិកសត្វដទៃទៀត ពោលគឺ ២២ខែ ហើយផ្តល់កំណើតប្រហែលរៀងរាល់ ៤ឆ្នាំម្តង។ យ៉ាងណាមិញ ដំរីកើតកូនភ្លោះមិនមែនជារឿងកើតឡើងញឹកញាប់ទេ ដូច្នេះវាពិតជាល្អខ្លាំងណាស់។

ពូជដំរីអាហ្រ្វិកត្រូវបានចាត់ថ្នាក់ថា ជាសត្វជិតផុតពូជ ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ហៅកាត់ថា (IUCN) ដែលបាននិយាយថា ការបរបាញ់ និងការបំផ្លិចបំផ្លាញជម្រកសត្វព្រៃ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ចំនួនដំរីនៅក្នុងទ្វីបអាហ្រ្វិកទាំងមូល។

យោងតាមមន្រ្តីអភិរក្សសត្វព្រៃកេនយ៉ាបានឱ្យដឹងថា មានសត្វដំរីជាង ៣៦,០០០ក្បាលនៅក្នុងប្រទេសអាហ្វ្រិកខាងកើត ស្របពេលមានកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការបរបាញ់ ដើម្បីបញ្ឈប់ការថយចុះចំនួនសត្វដំរី។

ចំណែកចំនួនសត្វដំរីនៅកេនយ៉ា មានចំនួន ១៧០,០០០ក្បាលក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ ១៩៨០ ប៉ុន្តែបានធ្លាក់ចុះមកត្រឹម ១៦,០០០ក្បាលនៅចុងឆ្នាំ ១៩៨៩ ដោយសារតែតម្រូវការភ្លុក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner