បុណ្យអុំទូកឆ្នាំនេះក្រុមអាជីវករ ដែលចូលរួមតាំងពិព័រណ៍ និងលក់ផលិតផលរបស់ខ្លួន រំពឹងខ្ពស់ថា នឹងលក់ដាច់

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖ បន្ទាប់ពីខកខានជាច្រើនឆ្នាំដោយសារជំងឺកូវីដ១៩ រាតត្បាតឆ្នាំនេះក្នុងឱកាសចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមអាជីវករ ផលិតករ និងសិប្បករ បានចូលរួមតាំងពិព័រណ៍និងលក់ផលិតផលរបស់ ខ្លួនជាច្រើននិងមានគ្រប់មុខ ដោយមានក្តីរំពឹងខ្ពស់ថា នឹងទាក់ទាញបាននូវការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងក្នុងការលក់ដូរផលិតផលរបស់ខ្លួនបានច្រើនទៀតផង។

ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ដែលជាថ្ងៃទី១នៃពិធីបុណ្យអុំទូកក្នុងឆ្នាំនេះនាបរិវេណប្រារព្ធពិធី ជាច្រើនកន្លែងដែលរៀបចំរដ្ឋបាលរាជធានី សង្កេតឃើញ ក្រុមអាជីវករ មានការតាំងបង្ហាញនិងលក់ផលិតផលិតចម្រុះរួមមាន របស់របរ ប្រើប្រាស់ ជាពិសេសចំណីអាហារ សម្រាប់បម្រើការហូបចុក។ មានផលិតផលក្រៀម ផលិតផលវេចខ្ចប់ និងការលក់ដូរនំចំណីអាហារ ធ្វើស្រស់ៗជាដើម ព្រោះនៅក្នុងពិធីបុណ្យអុំទូកតែងតែមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកកម្សាន្តព្រមទាំងទិញទំនិញនិងបរិភោគ
ចំណីអាហារផ្សេងៗ។

ជួបជាមួយអ្នកយកព័ត៌មានយើង ក្រុមអាជីវករទាំងនោះបានលើកឡើងស្រដៀងៗគ្នាថា នេះជាឱកាសដ៏ល្អ ដើម្បីផ្សព្វផ្សាយផលិតផល ស្វែងរកចំណូល ជាពិសេចង់ផ្សព្វផ្សាយផលិតផលរបស់ពួកគាត់ឱ្យប្រជាជនបានស្គាល់ និងគាំទ្រផលិតផល ។គាំទ្រផលិតផលជាតិ ដែលផលិតនិងវេចខ្ចប់ដោយកូនខ្មែរមានគុណភាពនិងសុវត្ថិភាពខ្ពស់។សកម្មភាពនេះក៏ជាការចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេលបីថ្ងៃផងដែរ ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះទូកអុំ មានចំនួន ១៥៨ ទូក, ទូកចែវ បុរស ៤២ ទូក, ទូកចែវនារី ១ទូក ,ទូកខ្នាតអន្តរជាតិបុរស ចំនួន ១៣៥ ទូក នារី ២ទូក, មានចំណុះទូកសរុបទាំងអស់ ចំនួន ២០៤៤ នាក់ ដែលមកពីក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។

នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំនេះដែរ មានប្រទីបចំនួន ៣០ ដែលតំណាងឱ្យក្រសួង និងស្ថាប័នរដ្ឋ ចំនួន ២៨ ប្រទីបវិស័យឯកជន ចំនួន២ នឹង ធ្វើការបណ្តែតតាមដងទន្លេសាបខាងមុខព្រះបរមរាជវាំងផងដែរ។នៅពេលរាត្រីនឹងមានការបាញ់កាំជ្រួចដើម្បីអបអរនិងបង្កើតបរិយាកាសរីករាយចំនួនបីយប់ជាប់គ្នាៗទៀតផង៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ads banner