រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចូលរួមពិធីបង្សុកូលជូនដល់អ្នកជំនាញការកសិកម្ម នៃអតីតសហភាពសូវៀត ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុនៅខេត្តកំពង់ចាម កាលពីឆ្នាំ១៩៨៣

ខេត្តកំពង់ចាម៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មនៃអតីតសហភាពសូវៀតចំនួន ៨រូប និងខ្មែរ ១រូប ដែលបានទទួលមរណភាព នៅខេត្តកំពង់ចាម កាលពីឆ្នាំ១៩៨៣។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសមានទុក្ខ និងក្តីសោកស្តាយជាពន់ពេក និងសូមចូលរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយស្ថានទូត និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ជាពិសេសជាមួយក្រុមគ្រួសាររបស់អ្នកជំនាញការផ្នែកកសិកម្មទាំង៩រូប ដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍វាយប្រហារប្រដាប់អាវុធដោយក្រុមទាហានខ្មែរក្រហម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ ក្នុងអំឡុងពេលចុះបំពេញបេសកកម្មត្រួតពិនិត្យស្ថានីយ៍ពិសោធន៍ដំណាំកប្បាស នៅឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរួមចំណែក និងគំរូវីរភាពរបស់អ្នកជំនាញការកសិកម្មទាំង ៩រូប នៅតែដិតជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូបជាប់ជានិច្ច។ និងថា ការជួបជុំថ្ងៃនេះ គឺជាសក្ខីភាពនៃការចងចាំ និងដឹងគុណចំពោះអ្នកដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ប្រទេសរុស្ស៊ីគឺជាមិត្តមួយដ៏ល្អ ដែលបានជួយកម្ពុជាក្នុងគ្រាលំបាកនាសម័យសង្គ្រាម និងនាពេលក្រោយមក ដើម្បីស្ដារប្រទេសកម្ពុជាឡើងវិញ។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា សង្គ្រាមគឺជាប្រភពនៃវិនាសកម្ម និងការបែកបាក់។ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់អំពីតម្លៃពុំអាចកាត់ថ្លៃបាននៃសន្តិភាព ដែលទាមទារឱ្យយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្សយូរអង្វែង៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner