បារាំងសង្ឃឹមថា បទឈប់បាញ់រវាងអ៊ីស្រាអែល-ក្រុមហាម៉ាស នឹងបន្តរហូតចំណាប់ខ្មាំងទាំងអស់ត្រូវដោះលែង

ប៉ារីស៖ ប្រមុខការទូតបារាំង នៅថ្ងៃអាទិត្យចុងសប្តាហ៍មុន និយាយថា ប្រទេសបារាំងសង្ឃឹមថា បទឈប់បាញ់រយៈពេល ៤ថ្ងៃ ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស នឹងបន្តរហូតដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដោះលែងចំណាប់ខ្មាំងទាំងអស់។

រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី ខាតធើរីន ខូឡូណា ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា យើងទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងរបស់យើង និងចំណាប់ខ្មាំងដទៃទៀតទាំងអស់។ លោកស្រីបន្តថា វាជារឿងល្អ មានប្រយោជន៍ និងចាំបាច់ ដែលបទឈប់បាញ់គួរតែបន្ត រហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង។

បច្ចុប្បន្នមិនទាន់មានការដោះលែងចំណាប់ខ្មាំងជនជាតិបារាំងណាម្នាក់នៅឡើយទេ ប៉ុន្តែលោកស្រី ខូឡូណា សង្ឃឹមថា នឹងកើតឡើងនាពេលខាងមុខ។ ក្រុមហាម៉ាស់ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុន បានដោះលែងក្រុមចំណាប់ខ្មាំងទីបី ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ក្នុងអំឡុងបទឈប់បាញ់ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយអ៊ីស្រាអែលជិត ៧សប្តាហ៍។

ទោះបីជាយ៉ាងណា អ៊ីស្រាអែលបានប្តេជ្ញាបន្តសង្រ្គាមកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីបទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន ផុតកំណត់។ ប្រភពស្និទ្ធនឹងក្រុមហាម៉ាសបាននិយាយថា ចលនាអ៊ីស្លាមមានឆន្ទៈបន្តបទឈប់បាញ់បច្ចុប្បន្នចំនួន ៤ថ្ងៃទៀត។

បើតាមមន្ត្រីអ៊ីស្រាអែល ពួកសកម្មប្រយុទ្ធហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់ និងបានសម្លាប់មនុស្សប្រហែល ១,២០០នាក់កាលពីថ្ងៃទី០៧ ខែតុលា ភាគច្រើនជាជនស៊ីវិល នៅក្នុងការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល។ ការឆ្លើយតបរបស់យោធាអ៊ីស្រាអែល បានសម្លាប់មនុស្សជិត ១៥,០០០នាក់នៅក្នុងតំបន់ហ្គាហ្សា ភាគច្រើនជាជនស៊ីវិល និងរាប់ពាន់នាក់ជាកុមារ នេះបើយោងតាមអាជ្ញាធរហាម៉ាសដែលគ្រប់គ្រងទីនោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner