លោក Guterres ជំរុញឱ្យ COP28 ដោះស្រាយ «វដ្តដ៏សាហាវ» នៃការឡើងកំដៅផែនដី

បរទេស៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃច័ន្ទ សប្តាហ៍នេះ បានជំរុញឱ្យមេដឹកនាំពិភពលោកចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលកាន់តែអាក្រក់។ លោក Guterres បានថ្លែងបែបនេះ ក្នុងពេលដែលមេដឹកនាំទាំងនោះជួបជុំគ្នា នៅឯកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ នៅក្នុងសប្តាហ៍នេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា «យើងកំពុងជាប់នៅក្នុងវដ្តនៃការស្លាប់ ព្រោះតែការឡើងកំដៅផែនដី ហើយដំណោះស្រាយត្រូវបានគេដឹងយ៉ាងច្បាស់»។

លោក Guterres បានបន្ថែមទៀតថា ក្រុមមេដឹកនាំទាំងនោះត្រូវតែធ្វើសកម្មភាព ដើម្បីកម្រិត «ការកើនឡើងសីតុណ្ហភាពពិភពលោក» ១.៥ អង្សាសេ ក្នុងគោលដៅការពារមនុស្ស ពីភាពវឹកវរអាកាសធាតុ និងបញ្ចប់យុគសម័យឥន្ធនៈហ្វូស៊ីល។

លោក Guterres បាននិយាយបែបនេះ នៅមុនពេលមានកិច្ចប្រជុំកំពូល ដែលនឹងមានមេដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ ប្រមាណ ៧០០០០នាក់ចូលរួម។ នេះគឺជាកិច្ចប្រជុំកំពូលអាកាសធាតុដ៏ធំបំផុត របស់អង្គការសហប្រជាជាតិ ដែលមិនធ្លាប់មានទេ ពីមុនមក។

អ្នកចូលរួមកិច្ចប្រជុំកំពូល COP28 ត្រូវបានគេដឹងថា នឹងត្រូវដោះស្រាយជាមួយបញ្ហាធំៗ រួមមានទាំង អនាគតនៃឥន្ធនៈហ្វូស៊ីល ដូចជា ប្រេង ឧស្ម័ន និងធ្យូងថ្ម ជាដើម។ ក្រៅពីនេះ ក៏នឹងមានការជជែកអំពីជំនួយហិរញ្ញវត្ថុពីបណ្តាប្រទេសដែលគេចាត់ទុកថាអ្នកបំពុលដ៏សម្បូរបែប សម្រាប់ក្រុមប្រទេសក្រីក្រ ដែលងាយរងគ្រោះបំផុត ក្នុងការបង្កើនល្បឿន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner