ប្រាក់ចំណេញ ឧស្សាហកម្ម ចិន មានកំណើនយឺត តម្រូវឱ្យមានគោលនយោបាយលើកទឹកចិត្តបន្ថែម

(ប៉េកាំង)៖ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិន បានបន្តកើនឡើងក្នុងខែតុលានេះ ប៉ុន្តែស្ថិតក្នុងអត្រាយឺត បើធៀបនឹងខែមុន ដោយបានកើនឡើងចំនួន ២,៧% ធ្លាក់ចុះពី ១១,៩% ក្នុងខែកញ្ញា និង ១៧,២% ក្នុងខែសីហា។ តួលេខនេះបានបង្ហាញថា ទីក្រុងប៉េកាំងត្រូវផ្តល់ការគាំទ្រផ្នែកគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
 
ក្នុងរយៈពេល ១០ខែដំបូង នៃឆ្នាំ២០២៣ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានធ្លាក់ចុះសរុប ៧,៨%។ យ៉ាងណាក៏ដោយ តួលេខនេះមានការប្រសើរឡើងបន្តិច បើធៀបនឹងរយៈពេល ៩ ខែមុនដែលបានធ្លាក់ចុះរហូតដល់ទៅ ៩%។ បញ្ហាប្រឈមជាច្រើនដែលចិនកំពុងជួបប្រទះនៅពេលនេះរួមមានបញ្ហានៅក្នុងវិស័យអចលនទ្រព្យ បំណុលក្នុងស្រុក កំណើនអតិផរណាសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយជាដើម។ កត្តាទាំងអស់នេះបានរាំងស្ទះដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនក្រោយវិបត្តិកូវីដ១៩។
 
លោក ស៊ូ ធៀនឆិន (Xu Tianchen) សេដ្ឋវិទូជាន់ខ្ពស់នៅអង្គភាព Economist Intelligence Unit (EIU) បាននិយាយថា«ការកើនឡើងប្រាក់ចំណេញរយៈពេលបីខែនេះ បានបង្ហាញថាសេដ្ឋកិច្ចកំពុងងើបចេញពីផលវិបាកដែលបណ្ដាលមកពីកំណើនអតិផរណា ការផ្គត់ផ្គង់លើសតម្រូវការ និងតម្រូវការធ្លាក់ចុះ។ ប៉ុន្តែការប្រែប្រួលប្រាក់ចំណេញចុះឡើងរបស់ក្រុមហ៊ុននេះ នៅតែរងផលប៉ះពាល់យ៉ាងខ្លាំងពីការចំណាយដើមទៅលើផលិតកម្ម»។
 
ការិយាល័យស្ថិតិជាតិ (NBS) បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលចិនផ្តោតលើការជំរុញតម្រូវការក្នុងស្រុក និងគាំទ្រដល់អាជីវកម្ម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្ម។ នៅក្នុងខែតុលា ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិបានបង្ហាញពីការធ្លាក់ចុះជាបន្តបន្ទាប់ ទាំងការបញ្ជាទិញ ការនាំចេញ និងការនាំចូល ពោលគឺរយៈពេល ៨ ខែជាប់ៗគ្នាតែម្ដង។ ដោយឡែក ទិន្នផលឧស្សាហកម្មបានកើនឡើង ៤,៦% ដែលភាគច្រើនបណ្ដាលមកពីផលិតកម្មយានយន្ត និងភោជនីយដ្ឋាន។
 
ជាក់ស្ដែង ធនាគារ Goldman Sachs បានបង្ហាញថា គម្លាតប្រាក់ចំណេញរវាងវិស័យនានានៅតែបន្តខុសគ្នាខ្លាំង។ ឧទាហរណ៍ ប្រាក់ចំណេញក្នុងវិស័យគ្រឿងសង្ហារឹមបានធ្លាក់ចុះ ១១,៨% នៅក្នុង ១០ ខែដំបូងនៃឆ្នាំ២០២៣ ខណៈដែលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកបានកើនឡើង ២០,៨%។
 
យ៉ាងណាក៏ដោយ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LONGi Green Energy Technology បានធ្លាក់ចុះ ៤៤,១% នៅក្នុងត្រីមាសទីបី ដោយសារតែបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងការផ្គត់ផ្គង់លើសតម្រូវការ។ ដោយឡែក ធនាគារកណ្តាលរបស់ប្រទេសចិន និងអាជ្ញាធរពាក់ព័ន្ធបានអំពាវនាវឱ្យបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនឯកជនតាមរយៈប្រាក់កម្ចី ប័ណ្ណបំណុល និងភាគហ៊ុនឱ្យបានកាន់តែច្រើន។ លើសពីនេះ ទេសាភិបាលធនាគារកណ្តាលបានលើកទឹកចិត្តឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធថ្មី ខណៈដែលកំណើនវិនិយោគមានការថយចុះ។
 
គួរដឹងដែរថា បន្ទាប់ពីការចេញផ្សាយទិន្នន័យ សន្ទស្សន៍ CSI300 របស់ប្រទេសចិនបានធ្លាក់ចុះ ១,២១% ហើយទីផ្សារ Hang Seng នៅហុងកុងបានធ្លាក់ចុះ ១,០៧%។ បន្ថែមលើនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុនរដ្ឋចិនក៏បានធ្លាក់ចុះចំនួន ៩,៩% ក្នុងរយៈពេល ១០ ខែដំបូងនេះ ខណៈដែលក្រុមហ៊ុនបរទេសបានធ្លាក់ចុះ ១០,២% រីឯក្រុមហ៊ុនឯកជនបានធ្លាក់ចុះ ១,៩% នេះបើយោងតាមការវិភាគរបស់ការិយាល័យស្ថិតិជាតិ៕

ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ Reuters China’s industrial profits growth slows, keeps stimulus calls alive

ads banner