ចិន នឹងដាក់បញ្ចូលកម្មវិធីសិក្សាជាតិនិយមទៅក្នុងប្រព័ន្ធអប់រំនៅហុងកុង

(ហុងកុង)៖ ទីក្រុងហុងកុងកំពុងរៀបចំដាក់ចេញឱ្យអនុវត្តកម្មវិធីសិក្សាបណ្តុះស្មារតីស្នេហាជាតិថ្មីនៅតាមសាលាបឋមសិក្សាទាំងអស់នៅត្រឹមឆ្នាំ២០២៥។ កម្មវិធីសិក្សានេះនឹងតម្រូវឱ្យសិស្សានុសិស្សសិក្សាអំពីបញ្ហាសន្តិសុខជាតិ ប្រវត្តិសាស្ត្រសង្គ្រាមអាភៀន និងការឈ្លានពានរបស់ជប៉ុនមកលើប្រទេសចិនជាដើម ពោលគឺធ្វើយ៉ាងណាឱ្យក្មេងៗជំនាន់ក្រោយរបស់ចិន មានស្មារតីជាតិនិយម។
 
សិស្សានុសិស្សទាំងអស់ក៏នឹងសិក្សាអំពីសមិទ្ធផលរបស់ប្រទេសចិនដែលស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនផងដែរ។ យោងតាមសេចក្ដីប្រកាសជាផ្លូវការមួយបានឱ្យដឹងថា ការដាក់បញ្ចូលកម្មវិធីសិក្សានេះមានគោលបំណងជួយសិស្សានុសិស្សឱ្យមានភក្ដីភាពចំពោះប្រទេសរបស់ពួកគេ និងអភិវឌ្ឍន៍ស្មារតីជាតិនិយម តាមរយៈការអប់រំឱ្យពួកគេស្នេហាជាតិចាប់តាំងពីវ័យក្មេង។
 
យោងតាមការិយាល័យអប់រំហុងកុងបានឱ្យដឹងដែរថា ពួកគេកំពុងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាបច្ចុប្បន្នឱ្យសមស្របនឹងច្បាប់ជាតិដែលសង្កត់ធ្ងន់លើការជំរុញការអប់រំស្នេហាជាតិនៅក្នុងប្រទេសចិន ដោយសារតែកម្មវិធីសិក្សានៅទីក្រុងហុងកុង ខុសគ្នាពីប្រទេសចិនដីគោក។
 
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ការិយាល័យអប់រំបានលើកឡើងថា ពួកគេនឹងដាក់បញ្ចូលកម្មវិធីសិក្សាក្នុងមុខវិជ្ជាសិក្សាសង្គម ដោយផ្ដោតលើប្រធានបទទូទៅដូចជា សុខភាព សញ្ជាតិ សហគមន៍ ការស្នេហាជាតិ អត្តសញ្ញាណជាតិ ប្រវត្តិសាស្រ្ត និងសន្តិសុខសង្គម។
 
គួរដឹងដែរថា ទន្ទឹមនឹងកម្មវិធីសិក្សាថ្មីរបស់ហុងកុងដែលតម្រូវឱ្យសិស្សសិក្សាអំពីសមិទ្ធផលរបស់ប្រទេសចិន និងច្បាប់សន្តិសុខជាតិ ចិនក៏នឹងលុបចោលព្រឹត្តិការណ៍នៃការតវ៉ាបាតុកម្មកាលពីឆ្នាំ២០១៩ ដែលជាកត្តានាំឱ្យមានការវិវត្តដល់ការដាក់ចេញច្បាប់នេះឡើងទៀតផង។
 
គ្រូបង្រៀនចាស់វស្សាមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានយល់ឃើញថា កម្មវិធីសិក្សាថ្មីនេះហាក់ដូចជាចង់ផ្តោតសំខាន់លើការអប់រំអំពីប្រទេសជាតិ ច្រើនជាងទិដ្ឋភាពជាក់ស្ដែងផ្សេងៗទៀត។ គ្រូបង្រៀនម្នាក់នេះបាននិយាយថា «នៅក្នុងវ័យរបស់ពួកគេ វាពិតជាសំខាន់ណាស់ក្នុងការបង្រៀនពួកគេពីរបៀបរស់នៅ និងទម្លាប់ល្អ ក៏ដូចជាការលើកកម្ពស់ការចង់ចេះ ចង់ដឹង និងចង់ឃើញអំពីបរិស្ថានជុំវិញរបស់ពួកគ»។
 
នៅពេលដែលលើកឡើងអំពីកម្មវិធីសិក្សាដែលចង់បង្ហាញពីសមិទ្ធផលរបស់ប្រទេសចិន គ្រូបង្រៀនម្នាក់នេះបានលើកជាសំណួរថា រដ្ឋាភិបាលគួរតែបញ្ជាក់ឱ្យបានច្បាស់ ថាតើប្រធានបទរសើបៗនៅក្នុងប្រវត្តិសាស្ត្រចិន ដូចជាបញ្ហាសង្គមជាដើម អាចលើកឡើងយកមកជជែកនៅក្នុងថ្នាក់ដែរឬក៏យ៉ាងណា។ គ្រូបង្រៀនរូបនេះបានបន្ថែមថា «ចិនមានបញ្ហាប្រវត្តិសាស្ត្រជាច្រើន និងបញ្ហាដែលកំពុងមានស្រាប់សព្វថ្ងៃនេះផងដែរ។ យើង ត្រូវ ប្រឈម មុខ នឹង បញ្ហាទាំងអស់នេះ ដើម្បី ប្រទេស ជាតិអាចមាន ការ រីក ចម្រើន»។
 
គួររំឭកថា អស់រយៈពេលជាង ១០ ឆ្នាំមកនេះ រដ្ឋាភិបាលហុងកុងបានព្យាយាមដាក់បញ្ចូលកម្មវិធីសិក្សាឱ្យមានការបណ្ដុះផ្នត់គំនិតស្នេហាជាតិទៅក្នុងកម្មវិធីសាលារៀនជាច្រើន ប៉ុន្តែហាក់មិនអាចអនុវត្តទៅបានដោយរលូននោះទេ។ ជាក់ស្ដែង កាលពីឆ្នាំ២០១២ សំណើឱ្យមានកម្មវិធីសិក្សានេះត្រូវបានស្នើឡើងឱ្យដាក់បញ្ចូលនៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប៉ុន្តែសិស្សានុសិស្សបានធ្វើពហិការមិនទៅសាលា និងផ្ទុះការតវ៉ាយ៉ាងខ្លាំងនៅក្នុងថ្នាក់រៀន ក្រោយមកអាជ្ញាធរក៏បង្ខំចិត្តផ្អាកផែនការនេះបណ្តោះអាសន្នសិន។
 
បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខជាតិនៅឆ្នាំ២០២០ ដែលបង្កឡើងដោយការតវ៉ាទ្រង់ទ្រាយធំនៅឆ្នាំ២០១៩ រដ្ឋាភិបាលចិនបានព្យាយាមធ្វើការផ្លាស់ប្តូរកម្មវិធីអប់រំទ្រង់ទ្រាយធំម្ដងទៀត ពោលគឺបានលុបចេញនូវកម្មវិធីសិក្សាបែបសេរីនិយមចេញពីសាលាមធ្យមសិក្សា ហើយបានបង្កើតលក្ខខណ្ឌឱ្យគ្រូបង្រៀន ត្រូវតែទទួលបានការបណ្តុះបណ្តាលនៅចិនដីគោកជាកំហិត៕

ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ The Guardian
Hong Kong to restructure primary education to make it more ‘patriotic’

ads banner