មន្រ្តីបរិស្ថាន៖ ពលរដ្ឋដើរកម្សាន្តបុណ្យអុំទូកឆ្នាំនេះ ទុកដាក់សំរាមមានសណ្តាប់ធ្នាប់ជាងឆ្នាំមុនៗ

អត្ថបទដោយ៖
CPA

(ភ្នំពេញ) ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឆេង គឹមស៊ុន បានលើកឡើងថា ប្រជាពលរដ្ឋដែលបានចូលរួមដើរកម្សាន្តនៅរាជធានីភ្នំពេញ នាឱកាសបុណ្យអុំទូកឆ្នាំនេះ បានដាក់ទុកសំរាមមានសណ្តាប់ធ្នាប់ជាងឆ្នាំមុនៗ ដែលបង្ហាញពីការយល់ដឹងរបស់ពលរដ្ឋកាន់តែប្រសើរឡើង ។

ឯកឧត្តម ឆេង គឹមស៊ុន បានថ្លែងបែបនេះ នាឱកាសផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី ២៧ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅមុខព្រះបរមរាជវាំង ដែលជាថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក
បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ លោកមានប្រសាសន៍ថា ឆ្នាំ ២០២៣ ជាឆ្នាំដំបូងដែលក្រសួងបរិស្ថាន បានរៀបចំប្រទីប ដើម្បីបង្ហាញពីសមិទ្ធផលរបស់ខ្លួនក្នុងកិច្ចការងារបរិស្ថាន។

ឯកឧត្តម បានឱ្យដឹងថា ដោយផ្អែកលើភាពស្អាត អនាម័យ បរិស្ថាននៅកម្ពុជា ក្រសួងបរិស្ថាន បានសហការជាមួយកងកម្លាំងស្ម័គចិត្ត យុវជនស្ម័គ្រចិត្ត និងអង្គការដៃគូមួយចំនួន បានរៀបចំអប់រំ ផ្សព្វផ្សាយ ការប្រើប្រាស់ទុកដាក់កាកសំណល់រឹង ដើម្បីឱ្យមានសណ្តាប់ធ្នាប់។ ក្នុងនោះក្រសួងបានរៀបចំស្តង់នៅតាមទីតាំងមួយចំនួន សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយពីបរិស្ថាន និងការទុកដាក់សំរាម ដោយមានកម្លាំងជាង១៥០០នាក់ បានចូលរួមសំអាតអនាម័យបរិស្ថាន ក្នុងព្រះរាជពិធីបុណ្យអុំទូក។

ជាការកត់សម្គាល់ ឯកឧត្តម សង្កេតឃើញថា ប្រជាពលរដ្ឋដែលបានចូលរួមដើរកម្សាន្តបុណ្យអុំទូកឆ្នាំនេះ បានទុកដាក់សំរាមបានត្រឹមត្រូវ បើទោះបីជាមានពលរដ្ឋមួយចំនួននៅបន្តបោះចោលសំរាមពាលវាលពាសកាលក៏ដោយ។ លោកថ្លែងថា៖«ជាក់ស្តែងបុណ្យអុំទូកថ្ងៃទី ២ មិនសូវមានសំរាមទេ កន្លងមកនេះ កាលណាមានពិធីបុណ្យធំៗម្តងៗ ប្លាស្ទិក និងសំរាម រាយប៉ាយពេញផ្លូវ ប៉ុន្តែឆ្នាំនេះខុសពីរាល់ឆ្នាំ។

ខ្ញុំមានការសប្បាយចិត្តខ្លាំងតាំងពីកម្ពុជារៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០២៣ មក បន្ទាប់ពីការប្រកួតកីឡដ្ឋានយើងស្អាត ដែលនេះបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសម្អាតបរិស្ថាន។ បានន័យថាគាត់មិនពង្រាយសំរាមនោះទេ គឺគាត់បានយកសំរាមដាក់តាមទីកន្លែងកំណត់។

ទោះជាបែបនេះក្តី ឯកឧត្តម ឆេង គឹមស៊ុន បន្តអំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់រូប មេត្តាទុកដាក់សំរាម កាកសំណល់រឹងឱ្យបានត្រឹមត្រូវ ចៀសវាងការចោលសំរាមពាសវាលពាសកាល ពីព្រោះបញ្ហានេះប៉ះពាល់មុខមាត់ប្រទេសជាតិ មុខមាត់គ្រួសារ និងមុខមាត់ខ្លួនឯង។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ការយល់ដឹងពលរដ្ឋពាក់ព័ន្ធទុកដាក់សំរាមនេះ ក៏ជាផ្នែកមួយដែលកើតចេញពី «យុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលក្រសួងបានដាក់ចេញកន្លងមកនៅតាមសាលា សហគមន៍ និងនៅតាមរោងចក្រ សហគ្រាសជាដើម។ ឯកឧត្តម ឱ្យដឹងទៀតថា ក្នុងពិធីនេះដែរ ក្រសួងបរិស្ថាន បានពង្រាយធុងសំរាមបន្ថែមជាង ១០០០ពាន់ធុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមកលេងបុណ្យអុំទូក ក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ។

ក្នុងឱកាសនេះដែរ ដើម្បីងាយស្រួលដល់ការប្រណាំងទូកនិងសោភ័ណភាពក្នុងព្រះរាជពិធីបុណ្យអុំទូក អង្គការសម្អាតទន្លេ សមុទ្រ បានបញ្ជូនទូកចំនួន២ គ្រឿង និងក្រុមការងារ ចុះប្រមូលសំរាម និងសំណល់ផ្សេងៗនៅតាមមាត់ទន្លេ ជាពិសេសក្នុងទឹក ដោយបានសហការជាមួយសាលារាជធានីភ្នំពេញ និងខណ្ឌដូនពេញ៕

ដោយ៖ សុខ រក្សា

ads banner