ប្រធានសម្ព័ន្ធយោធា ណាតូ ៖ គ្មានជម្រើសណាផ្សេង ក្រៅតែបន្តជួយអ៊ុយក្រែន បញ្ឈប់លោក ពូទីន

បរទេស៖ ប្រធានអង្គការយោធាអន្តរជាតិ ណាតូ លោក Jens Stoltenberg បាននិយាយ កាលពីថ្ងៃច័ន្ទ សប្តាហ៍នេះថា លោកខាងលិចមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីការបន្តគាំទ្រការប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី។ ការលើកឡើងនេះបានធ្វើឡើង ក្នុងភាពមិនច្បាស់លាស់ថា តើអាមេរិកបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ឬ យ៉ាងណា។

លោក Stoltenberg បានប្រាប់ AFP នៅក្នុងបទសម្ភាសន៍មួយ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ថា «យើងមិនមានជម្រើសផ្សេងទេ.. ជម្រើសដែលអនុញ្ញាតឱ្យប្រធានាធិបតី ពូទីន ឈ្នះ គឺជាសោកនាដកម្មសម្រាប់អ៊ុយក្រែន និងមានគ្រោះថ្នាក់សម្រាប់យើង»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជាង ៤០ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី និងបានសន្យាគាំទ្រអ៊ុយក្រែន ឲ្យបានយូរអង្វែង តាមតម្រូវការរបស់អ៊ុយក្រែន។ ប៉ុន្តែមានការជំទាស់ពីគណបក្សសាធារណរដ្ឋនៅអាមេរិក ដែលបានចោទជាសំណួរ អំពីអនាគតនៃជំនួយរបស់អាមេរិក សម្រាប់អ៊ុយក្រែន។

លោក Stoltenberg បាននិយាយទៀតថា «ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ទោះបីជាមានការខ្វះខាត ក៏ដោយ យើងត្រូវបន្តគាំទ្រអ៊ុយក្រែន..យើងមានទំនួលខុសត្រូវក្នុងឋានៈជាអ្នកដឹកនាំនយោបាយ ហើយក៏ក្នុងនាមជាពលរដ្ឋម្នាក់ៗ នៅក្នុងប្រទេសរបស់យើង ក្នុងការក្រោកឈរឡើង សម្រាប់អ៊ុយក្រែន»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner