ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារដល់ប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ឬហៅកាត់ថា ADB បានអនុម័តផ្ដល់ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារអាមេរិក ដើម្បីជួយដល់ការកែលម្អការផ្គត់ផ្គង់ទឹក និងសេវាកម្មគ្រប់គ្រងសំណល់រឹងក្នុងទីក្រុងចំនួនពីរនៅខេត្តពូនចាប់ (Punjab) ប្រទេសប៉ាគីស្ថាន។

អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ី លោក យ៉េវហ្គេនី ជូកូវ (Yevgeniy Zhukov) បានមានប្រសាសន៍ថា ៖ «គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មក្នុងទីក្រុងទាំងពីរនេះ ដើម្បីជួយពួកគេឱ្យកាន់តែមាននិរន្តរភាព ភា ពធន់ និងជួយដល់ការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនទៅក្នុងបរិស្ថាន»។

កម្ចីនេះនឹងយកទៅអនុវត្តគម្រោងផ្សេងៗនៅក្នុងទីក្រុងរ៉ាវ៉ាលពិនឌី (Rawalpindi) និងទីក្រុងបាហាវ៉ាលពូ (Bahawalpur) ហើយប្រាក់កម្ចីនេះគឺជាផ្នែកមួយនៃទឹកប្រាក់សរុបចំនួន ១០ ប៊ីលានដុល្លារសហរដ្ឋអាមេរិកដែលម្ចាស់ជំនួយបានសន្យាថានឹងផ្ដល់ឱ្យប្រទេសប៉ាគីស្ថាន ដើម្បីជួយឱ្យប្រទេសនេះអាចងើបឡើងវិញពីវិបត្តិទឹកជំនន់ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធកាលពីឆ្នាំមុនយ៉ាងធ្ងន់ធ្ងរ។

អ្នកវិទ្យាសាស្ត្របាននិយាយថា ទឹកជំនន់ដែលបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ កើតឡើងបណ្ដាលមកពីការកើនឡើងកំដៅផែនដី ដែលបានប៉ះពាល់ដល់មនុស្សយ៉ាងហោចណាស់ ៣៣ លាននាក់ និងបានសម្លាប់មនុស្សជាង ១៧០០នាក់ រាប់ចាប់ពីដើមរដូវខ្យល់មូសុងនៅពាក់កណ្តាលខែមិថុនា រហូតដល់ពាក់កណ្តាលខែវិច្ឆិកា។

សូមបញ្ជាក់ថា ម្ចាស់ជំនួយទាំងអស់នោះរួមមាន ធនាគារអភិវឌ្ឍន៍ឥស្លាមចំនួន ៤,២ ប៊ីលានដុល្លារ ធនាគារពិភពលោ កចំនួន ២ ប៊ីលានដុល្លារ អារ៉ាប៊ីសាអូឌីតចំនួន ១ ប៊ីលានដុល្លារ ព្រមទាំងសហភាពអឺរ៉ុប និងចិនផងដែរ។ បារាំង និង ស ហរដ្ឋ អាមេរិក ក៏ បាន ចូល រួម ចំណែកក្នុងជំនួយនេះ ផង ដែរ។

នៅក្នុងទីក្រុងរ៉ាវ៉ាលពិនឌី គម្រោងទាំងនោះនឹងជួយសាងសង់កន្លែងដែលអាចទទួលបានទឹកប្រើប្រាស់នៅលើផ្ទៃដី និ ងរោងចក្រផលិតទឹកស្អាតដែលមានសមត្ថភាពផលិតបានចំនួន ៥៤ លានលីត្រក្នុងមួយថ្ងៃ។ គម្រោងនេះក៏នឹងដាក់ទុយយោបញ្ជូន និងចែកចាយទឹកទៅកាន់ ៨២ ០០០ គ្រួសារផងដែរ។

នៅទីក្រុងបាហាវ៉ាលពូ គម្រោងនេះនឹងធ្វើការពង្រឹងការប្រមូលសំណល់រឹង ដោយផ្ដល់ជូននូវឧបករណ៍ និងយានជំនិះថ្មីៗ ដើម្បីប្រតិបត្តិការគ្របដណ្តប់ទៅលើតំបន់ជាច្រើនទៀត។ បន្ថែមលើនេះ គម្រោងនេះនឹងផ្ដល់ជូននូវប្រព័ន្ធគ្រប់ គ្រងព័ត៌មានថ្មីផងដែរ។
ជារួម គម្រោងទាំងអស់នឹងសាងសង់កន្លែងសម្រាប់កែច្នៃឡើងវិញ ក៏ដូចជាកន្លែងចាក់សំរាមការពារទឹកជំនន់ ខណៈដែលកន្លែងចាក់សំរាមដែលមានស្រាប់នឹងត្រូវបានរៀបចំស្តារឡើងវិញ។ ម៉្យាងទៀត ការផ្តល់ហិរញ្ញប្បទាននេះក៏មានផ្តល់ឧបករណ៍ការពារខ្លួនសម្រាប់កម្មករក្នុងវិស័យក្រៅផ្លូវការផងដែរ៕
ប្រែសម្រួល: ធា សុណា
 
ប្រភពព័ត៌មាន៖ Reuters
Asian development bank approves $180 mln loan for Pakistan
https://www.reuters.com/world/asia-pacific/asian-development-bank-approves-180-mln-loan-pakistan-2023-11-28/#:~:text=KARACHI%2C%20Nov%2028%20(Reuters),cities%20in%20Pakistan’s%20Punjab%20province (https://www.reuters.com/world/asia-pacific/asian-development-bank-approves-180-mln-loan-pakistan-2023-11-28/)

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner