អាជ្ញាធរខេត្តកំពង់ធំ និងកងទ័ពវៀតណាម បើកកិច្ចពិភាក្សាបន្តរុករក អដ្ឋិធាតុទ័ពវៀតណាមដែលនៅសេសសល់

អត្ថបទដោយ៖
CPA

ខេត្តកំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ព ប្រជាជនវៀតណាម បានបើកកិច្ចពិភាក្សា ដើម្បីបន្តជីករុករកអដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្តវៀតណាមដែលនៅសេសសល់ប្រមាណ៦០ អដ្ឋិធាតុទៀត ដែលកងទ័ពទាំងនេះត្រូវបានពលីជីវិតក្នុងសម័យ សង្គ្រាមនៅកម្ពុជា។

ដំណើរការកិច្ចពិភាក្សានេះ បានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មការជំនាញជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តនេះ និងលោក ជិន វីញង៉ុក អនុប្រធាននយោបាយនៃយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានដឹកនាំប្រតិភូចំនួន២២នាក់ ចូលរួមកិច្ចប្រជុំនេះ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

យោងតាមហ្វេសប៊ុកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម សោម ស៊ុន បានលើកឡើងទាក់ទងនឹងលទ្ធផលនៃកិច្ច សហប្រតិបត្តិការជាមួយក្រុមបច្ចេកទេសជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K៧០ និងk៧២ ដែលបានសហការធ្វើ សកម្មភាពជីករុករកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ដោយជីកយកបាន និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្តវៀតណាមចំនួន១ ១៥២ អដ្ឋិធាតុរួចមកហើយ។

ឯកឧត្តម បានបញ្ជាក់ថា ៖ «យើងមានការលំបាកខ្លះៗ ដែរ ក្នុងរយៈពេលកន្លងមក ដោយសារភូមិសាស្ត្រមានការប្រែប្រួល សាក្សីដែលធ្លាប់ដឹងពីកន្លែងកប់សាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម មានវ័យចាស់ និងបានទទួលមរណភាពជាបន្តបន្ទាប់ ហើយមួយចំនួនទៀតបានផ្លាស់ប្ដូរទីលំនៅ។ ចំពោះទិសដៅនៅពេលខាងមុខ យើងនឹងបន្តជីករុករកអដ្ឋិធាតុ តាមការស្រាវជ្រាវនៅសេសសល់ប្រមាណ៦០ ទៅ៦៥ អដ្ឋិធាតុទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ»។

នាឱកាសនោះដែរ ឯកឧត្តម ជិន វីញង៉ុក ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋកម្ពុជា ដែលបង្កលក្ខណៈងាយស្រួលក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជីករុករក និងធ្វើមាតុភូមិអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសវៀតណាមវិញទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ លោកបានសំណូមពរដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់រួមជាមួយប្រជាពលរដ្ឋ មេត្តារួមគ្នាជួយបង្កលក្ខណៈងាយស្រួល ដើម្បីក្រុមបច្ចេកទេសជំនាញបន្តជីកគាស់លើកយកអដ្ឋិធាតុវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញផងដែរ។

ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តម យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យកម្ពុជា យល់ឃើញថា កិច្ចការស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាមនាពេលនេះ ជាកិច្ចសហប្រតិបត្តិការប្រពៃណី ដែលបានបង្ហាញការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំង២។

ឯកឧត្តម បានបន្តថា កិច្ចសហការនេះ ក៏បានបង្ហាញពីទំនាក់ទំនងផ្នែកការបរទេស និងនយោបាយ ខណៈប្រវត្តិនៃទំនាក់ទំនងរដ្ឋាភិបាលប្រទេសជិតខាងទាំង២ តែងគាំទ្រគ្នាទៅវិញទៅមកតាំងពីសម័យក្រោយអាណានិគមបារាំង។

ឯកឧត្តម បានថ្លែងថា ៖ «ការងាររកអដ្ឋិធាតុនេះ មានសារៈសំខាន់ដែលបង្ហាញពីការគាំទ្រគ្នា ហើយក៏បង្ហាញពីការដឹងគុណរបស់ភាគីកម្ពុជាចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាមដែលលះបង់ជួយកម្ពុជាក្នុងសម័យផ្តួលរំលំរបបខ្មែរក្រហម»។

សូមរំឭកថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំប្រារព្វពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៥ អដ្ឋិធាតុ ទៅកាន់ប្រទេសកំណើតវិញ។ អដ្ឋិធាតុទាំងនេះត្រូវបានរុករកឃើញក្រោមកិច្ចសហការក្នុងជំហានទី២ ដំណាក់កាលទី២២ នារដូវប្រាំងឆ្នាំ២០២២-២០២៣៕

ដោយ ៖ សុខ រក្សា
CPA

ads banner