រដ្ឋមន្ត្រីមហាផ្ទៃជំរុញការដាកទោសធ្ងន់ដល់អ្នកបើកបរស្រវឹង (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជំរុញការដាក់ទោសឱ្យធ្ងន់ ចំពោះអ្នកបើកបរស្រវឹង ដែលតែងបង្កគ្រោះថ្នាក់ដល់ចរាចរណ៍។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គ្រោះថ្នាក់តាមដងផ្លូវបានសម្លាប់មនុស្ស ៧៥៦នាក់ និងមានអ្នករបួស ២ពាន់ ៧២នាក់។ គ្រោះថ្នាក់ភាគច្រើន បានកើតឡើងដោយសារអំពើបើកបរស្រវឹង។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ នៅថ្ងៃទី៣០វិច្ឆិកា បានថ្លែងជុំវិញកត្តាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្ខាតថវិកាជាតិប្រមាណ ៤៥០លានដុល្លារ ជាមួយនឹងការស្លាប់ និងរបួសដល់ពេលរដ្ឋច្រើនពាន់នាក់ថែមទៀត។

ដោយឡែកនៅថ្ងៃទី៣០វិច្ឆិកានេះ មនុស្ស ៨នាក់បានស្លាប់ និង១៣នាក់រងរបួសធ្ងន់ស្រាល ដោយចរាចរណ៍ទូទាំងប្រទេស។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរងបួសសរុប២១នាក់នៅថ្ងៃនេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន ១២លើក។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ៧លើក ស្លាប់៣នាក់, មិនគោរពសិទ្ធិ ២លើក ស្លាប់១នាក់ និងមិនប្រកាន់ស្តាំ ៣លើក ស្លាប់ ៤នាក់៕

ads banner