កម្ពុជាលុបចោលអាជីវកម្មដុតធ្យូងថ្ម និងមិនប្តេជ្ញាធ្វើវារីអគ្គិសនីតាមដងទន្លេមេគង្គ (Video Inside)
កម្ពុជាបានលុបចោលប្រភពមួយ នៃការបង្កើតថាមពលអគ្គិសនី ដោយសារតែប្រភពមួយនោះ បានបង្កផលប៉ះពាល់ខ្លាំងដល់កត្តាបរិស្ថាន។
កម្ពុជាបច្ចុប្បន្នមានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន ៣ពាន់ ៤៦៤មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យផង, ពីវារីអគ្គិសនីផង, ពីជីវម៉ាសផង, ពីធ្យូងថ្ម និងប្រេងផង ខណៈតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតនាបច្ចុប្បន្ននេះ ត្រូវគេរាយការណ៍ថា មានត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ ប៉ុន្តែប្រភពថាមពលដោយការប្រើប្រាស់ពីធ្យូងថ្ម ត្រូវបានប្រកាសលុបចោលជាផ្លូវការ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។
កម្ពុជាបានចូលរួមជាមួយនឹងពិភពលោក ដើម្បីទប់ស្កាត់ការកើនឡើងកំណើនសីតុណ្ហភាពផែនដី។ អាជីវកម្មរ៉ែដុតធ្យូងថ្ម គឺជាផ្នែកមួយ នៃការបង្កឱ្យមានការកើនឡើង នៃកម្តៅរបស់ផែនដី។
ម្យ៉ាងទៀត ក្រុមអ្នកជំនាញវិទ្យាសាស្ត្របានថ្លែងថា ការប្រើប្រាស់ប្រភពធ្យូងថ្ម ដើម្បីបង្កើតថាមពលអគ្គិសនី បានបង្កឱ្យមានរបើកស្រទាប់ដីផ្នែកខាងលើរបស់ផែនដី ដែលឈានដល់ការសឹករិចរិលដី, បាត់បង់ដល់ទីជំរកសត្វ និងប៉ះពាល់កត្តាបរិស្ថាន ដំណាំរុក្ខជាតិនានា និងធ្វើឱ្យមានភាពកខ្វក់ដល់កត្តាបរិស្ថានជាច្រើនទៀត។
ក្នុងការប្តេជ្ញាដទៃទៀតពាក់ព័ន្ធនឹងកត្តាប៉ះពាល់ដល់បរិស្ថាន, សម្តេចធិបតីបានថ្លែងថា កម្ពុជាក៏នឹងមិនធ្វើវារីអគ្គិសនីនៅតាមដងទន្លេមេគង្គដែរ។