កងទ័ពអ៊ីស្រាអែលនិយាយថា ចំណាប់ខ្មាំង ៥នាក់បានស្លាប់
ហ្គាហ្សា៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានជូនដំណឹង អំពីការស្លាប់ចំណាប់ខ្មាំង ៥នាក់ ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សា។ ប្រភពឲ្យដឹងដែរថា ក្រុមគ្រួសាររបស់អ្នកស្លាប់បានដឹងដំណឹងនេះ ហើយសាកសពរបស់ពួកគេ ត្រូវបានបញ្ជូនទៅអ៊ីស្រាអែលវិញហើយដែរ។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ សប្តាហ៍នេះ ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ យោធាអ៊ីស្រាអែល និងប៉ូលីសអ៊ីស្រាអែលបានជូនដំណឹងដល់គ្រួសារចំណាប់ខ្មាំង ដែលបានស្លាប់ចំនួន៤នាក់ ដែលមានឈ្មោះថា Eliyahu Margalit, Maya Goren, Ronen Engel និង Arye Zalmanovitz »។
លោក Daniel Hagari ក៏បាននិយាយដែរថា ទាហានអ៊ីស្រាអែលក៏ទើបបាននាំយកសាកសពចំណាប់ខ្មាំងម្នាក់ទៀត ដែលជាអ្នកស្លាប់ទី៥ មានឈ្មោះថា Ofir Tsarfati ទៅទឹកដីអ៊ីស្រាអែលវិញ បន្ថែមទៀត។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលរូបនេះបានបញ្ជាក់ទៀតថា ក្រុមសកម្មប្រយុទ្ធ Gaza នៅតែមិនទាន់ដោះលែងចំណាប់ខ្មាំង ចំនួន១៣៦ នាក់ផ្សេងទៀត ហើយក្នុងចំណោមពួកគេ មាន១៧ នាក់ជាស្ត្រី និងកុមារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត