កូរ៉េខាងជើង ចាប់ផ្តើមប្រតិបត្តិការផ្កាយរណបចារកម្មរបស់ខ្លួន
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃអាទិត្យទី៣ ខែធ្នូ ថា ការិយាល័យប្រតិបត្តិការផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនហើយ ក្នុងនាមជាអង្គភាពស៊ើបការណ៍យោធា។ នេះបើតាមការរាយការណ៍បន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
KCNA បានផ្សព្វផ្សាយថា ការិយាល័យដែលនៅមជ្ឈមណ្ឌលគ្រប់គ្រងទូទៅក្រុងព្យុងយ៉ាងរបស់រដ្ឋបាល បច្ចេកកវិទ្យាអវកាសជាតិ (NATA) បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយនឹងរាយការណ៍ព័ត៌មានដែលខ្លួនទទួលបាន ទៅកាន់ការិយាល័យចារកម្មនៅកងទ័ព និងអង្គភាពសំខាន់ៗផ្សេងទៀត។
សូមរំឭកថា កូរ៉េខាងជើងនិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនដោយជោគជ័យកាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយបញ្ជូនរូបភាពសេតវិមាន មន្ទីរបញ្ចកោណ មូលដ្ឋានយោធាអាមេរិក និងតំបន់គោលដៅផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញ កូរ៉េខាងជើងមិនទាន់បានបញ្ចេញរូបភាពណាមួយពីផ្កាយរណបនេះទេ មកទល់ពេលនេះដោយទុកឱ្យអ្នកវិភាគ និងរដ្ឋាភិបាលបរទេសជជែកវែកញែកថាតើផ្កាយរណបថ្មីនេះពិតជាមានសមត្ថភាព ឬយ៉ាងណា។
ក្នុងអត្ថបទអត្ថបទដាច់ដោយឡែកមួយ ដែល KCNA រាយការណ៍កាលពីថ្ងៃអាទិត្យ អ្នកអត្ថាធិប្បាយយោធាកូរ៉េខាងជើងមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយថា កូរ៉េខាងត្បូងជាអ្នកខុសលើការរំសាយកិច្ចព្រមព្រៀងកសាងទំនុកចិត្តយោធារវាងប្រទេសទាំងពីរ ហើយថា ប្រទេសកូរ៉េខាងជើងអាចបាញ់បង្ហោះផ្កាយរណបដូចប្រទេសផ្សេងទៀតដែរ។
អត្ថបទដដែលក៏បានអះអាងផងដែរថា ផ្កាយរណបចារកម្មយោធាដំបូង ដែលកូរ៉េខាងត្បូងទើបនឹងបាញ់បង្ហោះថ្មីនេះ បង្ហាញពីភាពផ្ទុយគ្នានៃអ្វីដែលខ្លួនបានឃោសនា។
គួររំឭកថាកាលពីថ្ងៃសុក្រ គ្រាប់រ៉ុក្កែតបាញ់បង្ហោះ Falcon 9 ពីក្រុមហ៊ុន SpaceX បានដឹកផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងត្បូងទៅកាន់គន្លងគោចរពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា។ កូរ៉េខាងត្បូង បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអាមេរិកមួយនេះ ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មសរុបចំនួនប្រាំត្រឹមឆ្នាំ ២០២៥ ដើម្បីជាកិច្ចខិតខំប្រឹងប្រែងពន្លឿនគោលដៅរបស់ខ្លួនក្នុងការឃ្លាំមើលឧបទ្វីបកូរ៉េ ២៤ ម៉ោង។
ការវិវត្តន៍ចុងក្រោយទាំងអស់នេះ កើតឡើងស្របពេលដែលស្ថានភាពនៃឧបទ្វីបកូរ៉េបន្តភាពតានតឹង។ កូរ៉េខាងជើងបាននិយាយកន្លងមកថា ខ្លួននឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធខ្លាំងជាងមុន និងសព្វាវុធថ្មីនៅតាមព្រំដែនជាប់កូរ៉េខាងត្បូង ក្រោយក្រុងសេអ៊ូលផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ ដើម្បីប្រតិកម្មទៅនឹងការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង៕ ប្រែសម្រួល៖ ហួន ឌីណា