វិបត្តិពិភពលោក ប៉ះទង្គិចការនាំទំនិញកសិផលកម្ពុជា (Video Inside)
កម្ពុជាបាននាំចេញទំនិញកសិផលជាង ៧លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានថវិកា ៣ពាន់ ៩០៩លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី៥ធ្នូ ការនាំចេញទំនិញកសិផលសរុប ៧លាន ៣សែនតោននេះ បានថយចុះប្រមាណ ៤.៦០% បើប្រៀបធៀបនឹងឆ្នាំ២០២២។
ការថយចុះនេះត្រូវគេបន្ទោសថា ដោយសារបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលជម្លោះនេះ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកល ដែលបានចុះខ្សោយរួចទៅហើយនោះ រួមទាំងអត្រាការប្រាក់ខ្ពស់ នៃទីផ្សារអចលនទ្រព្យចិន និងសង្គ្រាមរវាងរុស្ស៊ីនៅអ៊ុយក្រែន ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។
នៅជាមួយគ្នានេះផងដែរក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ការនាំចេញអង្កររបស់កម្ពុជា បានជាង ៦០ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២០លានដុល្លារ។ ចំណែកការនាំចេញស្រូវទៅលើទីផ្សារអន្តរជាតិវិញ បាន ៤លានតោន ដែលគិតជាទឹកប្រាក់មានប្រមាណជាង ១ពាន់ ១០០លានដុល្លារ ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ។