អាណោចអធម៌ណាស់!! មនុស្ស២នាក់ បានស្លាប់ភ្លាមៗ និង៦នាក់ផ្សេងទៀតរបួសធ្ងន់ស្រាលក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវវិមានឈ្នះឈ្នះ

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ដ៏រន្ធត់ មួយបង្កដោយរថយន្តកូរ៉េ បានដាច់ម៉ែត្រចង្កូត រេទៅឡើងខឿន ទ្រូងផ្លូវ ប្រមាណ១០ម៉ែត្រ ចុះមកវិញ រេចង្កូតមកស្តាំ ត្រូវរថយន្តFUSO ដឹកអុសមួយគ្រឿងផ្សេងទៀតបើកល្បឿនលឿនស្របទិសគ្នាហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពីក្រោយហើយបន្តទៅបុកផ្ទប់ដើមឈើ បណ្តាលឲ្យដាច់សាក់សុី ជាពីកំណាត់ ស្លាប់អ្នកបើកបរ កប់គៀបពីក្រោមរថយន្ត ប្រពន្ធនិងកូនរង របួសធ្ងន់ រីឯរថយន្តដឹកអុស គៀបជាប់ស្លាប់ព្រូរថយន្តម្នាក់ ឯអ្នកបើកបរ គ្មានរបួស រត់គេចខ្លួនបាត់ ព្រមទាំងបណ្ដាលឲ្យមនុស្ស៦នាក់ទៀតរបួសធ្ងន់ស្រាល  បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាល ពី វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ មុខច្រកចូលស្ថានីយ៍ទូរទស្សន៍PNN ស្ថិតក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ពណ៌ខៀវ ជិះគ្នា៣នាក់ ប្តីប្រពន្ធនិងកូនតូចអាយុ៣ឆ្នាំ បើកបរដោយឈ្មោះ ធី អាយុ៣៥ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ ហ៊ាន ស្រីនាង អាយុ២៨ឆ្នាំកូនប្រុសតូចអាយុ៣ឆ្នាំមានទីលំ នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ  ។ ដោយធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុមានបញ្ហាបច្ចេកទេសដាច់ ម៉ែត្រចង្កូត ទើបរេឡើងខឿនទ្រូងផ្លូវប្រមាណជា១០ម៉ែត្រ ទើបធ្លាក់ចុះមកវិញ រេទៅខាងស្តាំ ត្រូវបានរថយន្តម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-1110 ដឹកអុស ជិះគ្នា៨នាក់ បើកស្រប ទិស គ្នាក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយ រថយន្តកូរ៉េ បណ្តាលឲ្យរថយន្តកូរ៉េ ដាច់ជា២កំណាត់ ធ្លាក់ដាច់ជ្រុះកាប៊ីន ស្លាប់ប្តី កប់ក្រោមរថយន្ត ប្រពន្ធនិងកូនរងរបួសធ្ងន់ ចំណែកភាគី រថយន្ត FUSO បន្តទៅបុកផ្ទប់ដើមឈើ ស្លាប់ម្នាក់ជាព្រូរថយន្ត អ្នកបើកបររត់គេចខ្លួនបាត់ និង ៦នាក់ជិះខាងលើ រងរបួសធ្ងន់និងស្រាល ។
    ក្រោយកើតហេតុ ជនរងគ្រោះ រងរបួសធ្ងន់ស្រាលសរុប៨នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ  រីឯជនរងគ្រោះដែលស្លាប់នៅនិងកន្លែងមានចំនួន២នាក់ ដោយគៀបជាប់កាប៊ិន និងនៅក្រោមរថយន្ត ។ បច្ចុប្បន្នសមត្ថកិច្ចប្រើគ្រប់មធ្យោបាយ គាស់យកសពចេញរួចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាម ប្រពៃណី  ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner