មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា គិតដល់ពេលនេះជំងឺគ្រុនឈាម ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន និងកំពុងថយចុះជាបន្តបន្ទាប់

ភ្នំពេញ៖ លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា បើគិតមកពេលបច្ចុប្បន្ននេះ ជំងឺគ្រុនឈាមគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលក្រសួង អាចគ្រប់គ្រងបានហើយ មិនមានផ្ទុះឡើងខ្លាំងទេ ដោយក្នុងនោះជំងឺគ្រុនឈាម បានថយចុះក្នុងខេត្តចំនួន ១៦ហើយ នៅសល់ខេត្តចំនួន ៩ទៀត ដែលមានដូចជា ខេត្តព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្តាល កែប កំពត មណ្ឌលគិរី និងក្រចេះ មានស្ថានភាពនៅប្រឈមដោយមានការឡើងចុះៗ ករណីគ្រុនឈាមនេះផងដែរ។

លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយដៃគូប្រយុទ្ធនឹងជំងឺគ្រុនឈាម ដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង បាណកសាស្ត្រ នៅសណ្ឋាគារទន្លេបានសាក់២។ ពិធីនេះក៏មានការចូលរួមពីលោកស្រីវេជ្ជ. ណាជីសា ខូដចែវ៉ា (Nagiza Khodjaeva) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង រួមទាំងតំណាងមកពីក្រសួងការពារជាតិ និងតំណាងមកពីមន្ទីសុខាភិបាលទូទាំងរាជធានីខេត្ត។

លោកស្រីវេជ្ជ.ណាជីសា ខូដចែវ៉ា ( Nagiza Khodjaeva) បានថ្លែងដែរថា ជំងឺគ្រុនឈាមជាជំងឺដែលកាចសាហាវ ដែលមកដល់ពេលនេះមិនទាន់មានវ៉ាក់សាំងណា ដែលអាចបង្ការមិនឱ្យឆ្លងបានទេ ហើយកិច្ចការបង្ការពីជំងឺគ្រុនឈាមនេះ គឺមិនត្រឹមតែការទាមទារតែក្រសួងសុខាភិបាលមួយទេ គឺត្រូវការការចូលរួមពីបុគ្គលគ្រប់រូបក៏ដូចជាសហគមន៍ ក្នុងការលុបបំបាត់នូវទីជម្រក និងកន្លែងពងនៃមូសខ្លា។

លោកស្រីវេជ្ជ. ណាជីសា ខូដចែវ៉ា (Nagiza Khodjaeva) បានបន្ថែមថា អង្គការសុខភាពពិភពលោក បានត្រៀមខ្លូនរួចហើយ ក្នុងចូលរួមសហការណ៍ជាមួយក្រសួងសុខាភិបាល ក្នុងការចូលរួមជួយប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនេះ ដោយអង្គការសុខភាពពិភពលោក បានបណ្តុះបណ្តាលគ្រូបង្គោលជំនាញលើគ្រូពេទ្យ គិលានុបដ្ឋាក និងវិជ្ជបណ្ឌិត ដើម្បីចូលរួមជួយទប់ស្កាត់ជំងឺគ្រុនឈាម និងគ្រប់គ្រងលើជំងឺឆ្លង ហើយអង្គការសុខភាពពិភពលោក នឹងនៅតែបន្តធ្វើការជាមួយក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនេះ។


 

លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាល ដែលដឹកនាំផ្ទាល់ដោយលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចង្អុលបង្ហាញដល់គ្រប់រាជធានី ខេត្ត អនុវត្តន៍កិច្ចអន្តរាគមន៍ជាបន្ទាន់ ចាប់តាំងពីដើមខែឧសភាមក រហូតមកដល់ពេលនេះយ៉ាងហ្មត់ចត់ ព្រមទាំងយកចិត្តទុកដាក់ ពីកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម អនុគណៈកម្មការគ្លីនិក មន្ទីរសុខាភិបាលរាជធានី ខេត្ត រួមទាំងកិច្ចគាំទ្រពីគណៈអភិបាលខេត្ត និងដែគួរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានក្នុង ការដាក់ថ្នាំសម្លាប់ដង្កូវទឹកក្នុងអាង ឬពាងទឹក ក្នុងតំបន់ដែលប្រឈមខ្ពស់នឹងជំងឺគ្រុនឈាម។

ដើម្បីទប់ស្កាត់ និងគ្រប់គ្រងហានិភ័យពីការរាតត្បាតជំងឺគ្រុនឈាមជាបន្តទៀតឲ្យបានទាន់ពេលវេលា គ្រប់ក្រសួងស្ថាប័ន ត្រូវតែបន្តចូលរួមសហការឲ្យបានកាន់តែទូលំទូលាយ ជាមួយក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលទូទាំង២៥ រាជធានី-ខេត្ត បង្កើនសកម្មភាពផ្សព្វផ្សាយ នៅតាមសហគមន៍ សាលារៀន ទីវត្តអារ៉ាម និងអប់រំចល័ត ស្តីពីវិធានការបង្ការជំងឺគ្រុនឈាម និងបំផុសលើកទឹកចិត្តចលនាចូលរួមរបស់ប្រជាជនឲ្យបានសកម្ម ក្នុងការអនុវត្តសកម្មភាពលុបបំបាត់ប្រភពកកើតមូស និងដង្កូវទឹក ព្រមទាំងម័យបរិស្ថានល្អ។ អាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវចាប់ត្តើមចាត់វិធានការសំអាតការដ្ឋានសំណង់ កុំឲ្យមានកន្លែង ដក់ទឹកដែលជាជម្រកមូសខ្លា។

លោក ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា ដើម្បីជៀសវាងឱ្យបាននូវបញ្ហាហានិភ័យពីជំងឺគ្រុនឈាម នៅពេលដែលសង្ស័យថាខ្លួនមានអាការៈក្តៅខ្លួនដាក់ថ្នាំមិនបាត់ ត្រូវស្វែងរកសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺបានត្រឹមត្រូវទាន់ពេលវេលា តាមរយៈសេវារដ្ឋ ដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតបំផុត ឱ្យបានមុន៧២ម៉ោង ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម ឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner