សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់ គ្រួសារសពអតីតយុទ្ធជនខេត្ត នៅស្រុករលាប្អៀរ
ថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនដែលជាសមាជិក សអក ឈ្មោះ សួន ឃឿន នៅស្រុករលាប្អៀរ កាលពីរសៀលម៉ោង២:០០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះដែរ ក្រុមការងារដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត លោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការនគបាលខេត្ត និងក្រុមការងារ ថ្នាក់ ឃុំ ស្រុក ក្រៅពីយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ក៏មានផ្តល់ជូនបន្ថែមនូវ អង្ករ៥០គីឡូ ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ថវិកាចំនួន១០ម៉ឺនរៀល របស់ឯកឧត្តមប្រធានសមាគមខេត្ត និងលិខិតចូលរួមមរណទុក្ខប្រគល់ជូនលោកស្រី ម៉ិល ប៉ែន ត្រូវជាប្រពន្ធរបស់សព សមាជិក សអក ឈ្មោះ សួន ឃឿន ប្រភេទជនពិការ ID (HA87001156) ដែលទទួលមរណភាពព្រឹកម៉ោង៣:៤០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជាចុងបញ្ចប់គ្រួសារសព បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចប្រកបដោយពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមជាមួយក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ទទួលបានជោគជ័យគ្រប់ភារកិច្ច៕ម.ន