ឯកឧត្តម កែវ រ៉េមី ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម “សិទ្ធិមនុស្ស៧៥” នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូ កម្ពុជា ទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម “សិទ្ធិមនុស្ស៧៥” នៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ដែលរៀបចំដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅ Palais des Nations ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នៅក្នុងសន្និសិទ្ធសារព័ត៍មាន នាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុសកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍កម្រិតខ្ពស់នេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជានឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់សកលភាព និងភាពមិនអាចកាត់ផ្ដាច់ពីគ្នាបាននៃសិទ្ធិមនុស្ស និងការសម្លឹងឆ្ពោះទៅអនាគត ។
ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា គម្រោងអបអរ ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០២៣ខាងមុខនេះ មានអ្នកការពារ សិទ្ធិមនុស្ស ពលរដ្ឋរង ការរំលោភបំពាន សិទ្ធិ ក្រុម អ្នក តស៊ូមតិ និង តំណាង អង្គទូតប្រទេស ប្រជាធិបតេយ្យ ក៏នឹងចូលរួមពិធីនោះដែរ។ ប្រធានបទ ដែលក្រុមអង្គការ សង្គមស៊ីវិលលើកឡើង គឺ ការធានា សិទ្ធិ នយោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ ក្នុងការកំណត់ជោគវាសនា ប្រទេសជាតិ តាមគោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស និង នីតិរដ្ឋ៕
ដោយ ហេង សម្បត្តិ







