បាតុកររាប់រយនាក់នៅអាមេរិក ដង្ហែក្បួនទាមទារបទឈប់បាញ់នៅតំបន់ហ្កាហ្សា

ញូវយ៉ក៖ នៅក្នុងសង្កាត់ឡូវឺ មែនហាធែន មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា តវ៉ាប្រឆាំងនឹងការវេតូរបស់សហរដ្ឋអាមេរិក លើដំណោះស្រាយបទឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ បានបោះឆ្នោតវេតូលើសំណើមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។

ទាក់ទងនឹងបញ្ហានេះដែរ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាប្រឆាំងនឹងការវេតូរបស់សហរដ្ឋអាមេរិក លើដំណោះស្រាយបទឈប់បាញ់របស់អង្គការសហប្រជាជាតិ និងទាមទារឱ្យអាមេរិកបញ្ចប់ជំនួយហិរញ្ញវត្ថុដល់អ៊ីស្រាអែល បន្ទាប់ពីមានការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។

បាតុករម្នាក់បានរៀបរាប់ថា ពេលនេះ ខ្ញុំចង់ឃើញបទឈប់បាញ់មួយ នោះគឺការបញ្ចប់អចិន្ត្រៃយ៍ ចំពោះការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន។ បាតុករម្នាក់ទៀតបាននិយាយថា យើងកំពុងស្នើសុំឱ្យបញ្ចប់ទាំងស្រុង នូវការឈ្លានពានរបស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីន និងបញ្ចប់ភាពស្មុគស្មាញទាំងអស់របស់សហរដ្ឋអាមេរិក មិនថា វាជាជំនួយផ្នែកហិរញ្ញវត្ថុ នយោបាយ ឬផ្នែកយោធា នៃគម្រោងប្រល័យពូជសាសន៍អ៊ីស្រាអែល។

សូមជម្រាបផងដែរថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអ៊ីស្រាអែល បានជំទាស់នឹងដំណោះស្រាយទាមទារឱ្យមានបទឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីព្រោះពួកគេជឿថា ដំណោះស្រាយនេះ នឹងផ្ដល់ផលចំណេញដល់ក្រុមហាម៉ាស។ ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិកនៅតែបង្ហាញការគាំទ្រឱ្យមានការផ្អាកបាញ់រយៈពេលខ្លី និងសម្រួលដល់ការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner