មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ។
នេះបើតាមសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, អនុប្រធានគណបក្ស , សម្តេច ធិបតី ហ៊ុន ម៉ាណែត, គណៈអចិន្ត្រៃយ៍, គណៈកម្មាធិការកណ្តាល តំណាងដែលបានអញ្ជើញចូលរួមសរុប ៣ ៦០០រូប ។
មហាសន្និបាត បានយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការថែរក្សាពង្រឹង និងពង្រីកកម្លាំងសាមគ្គីជាតិ ដើម្បីកសាង និងការពារមាតុភូមិស្របតាមស្មារតីដ៏ឧត្តុង្គឧត្តមនៃរដ្ឋធម្មនុញ្ញ។ ឈរលើមូលដ្ឋាននេះ មហាសន្និបាតអបអរ សាទរក្រៃលែងចំពោះកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយដែលរួម មានគណបក្សប្រជាជនកម្ពុជា និងគណបក្សចំនួន ២៧ទៀត កាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៣ កន្លងមក ដោយឈរលើគោលការណ៍គោរពឯករាជ្យភាពរបស់គណបក្សនីមួយៗ, ស្មើភាព និងស្មើសិទ្ធិ ដើម្បីសម្រេចគោលដៅនៃ ការរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររដ្ឋធម្មនុញ្ញ, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខ និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យ ចេញផុតពីកម្ពុជា ។
ជាមួយនោះដែរ មហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សំដៅការពារ ថែរក្សា ពួនជ្រុំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០ ។
ជាមួយគ្នានេះ មហាសន្និបាតវាយតម្លៃខ្ពស់ចំពោះលទ្ធ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ មើលការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេលដ៏ខ្លីនៃការកាន់តំណែងរបស់ខ្លួន បានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទនភាពក្នុងការថែរក្សាស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន ជាពិសេសការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ ចំណុច និងវិធានការគន្លឹះទាំង ៥ ចំណុចដែលផ្តោតលើការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពង្រឹង និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌។ លើមូល- ដ្ឋានភថិភាពនេះ បានឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការរៀបចំកម្លាំងបន្តវេន ដើម្បីដឹកនាំប្រទេសជាតិ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និងបង សួង ពិសិដ្ឋ