ឯកឧត្តម ផៃ ប៊ុនឈឿន៖ មន្រ្តីបរិស្ថាន ត្រូវបន្តខិតខំពង្រឹងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ដើម្បីសុក្រឹត្យកម្មបរិស្ថានកិច្ច
(ភ្នំពេញ)៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ឲ្យបន្តខិតខំអនុវត្តបន្ថែម ចំពោះតួនាទីភារកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការបំពេញបេសកកម្មផ្តល់សេវាគាំទ្រការងារបរិស្ថាន និងធនធានធម្មជាតិ ដោយផ្អែកលើទស្សនៈទានសុក្រឹត្យកម្មបរិស្ថានកិច្ច និងសំដៅធានា ទៅសម្រេចគោលដៅ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» សម្រាប់ឆ្នាំ២០២៣-២០២៨។

ឯកឧត្តម ផៃ ប៊ុនឈឿន បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាបូកសរុប លទ្ធផលការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត នាទីស្តីការក្រសួង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ ឯកឧត្តម បានជំរុញឲ្យអគ្គនាយកដ្ឋានជំនាញ ការដាក់ឱ្យដំណើរប្រព័ន្ធឌីជីថល លើការងារគ្រប់គ្រងរដ្ឋបាល របស់ក្រសួងបរិស្ថាន ឱ្យប្រព្រឹត្តទៅដោយរលូនតាមការរំពឹងទុក និងបន្តពង្រឹងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍិ ដើម្បីអនុវត្តផែនការសកម្មនានារបស់ក្រសួងបរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា សិក្ខាសាលាបូកសរុបលទ្ធផលការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត » បានប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួមពិភាក្សា និងមានមតិយោបល់ល្អៗពីឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរបរិស្ថាន រាជធានី-ខេត្ត ក្នុងបរិយាកាសរីករាយ ប្រកបដោយកិច្ចសហប្រតិបត្តិការល្អ និងស្មារតីទទួលខុសត្រូវ។

សិក្ខាសាលានេះ តាមរយៈការចូលរួមពិភាក្សា ផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស ទៅលើប្រធានបទ ៖ ការគ្រប់គ្រងកិច្ចការរដ្ឋបាល ,ការគ្រប់គ្រងធនធានមនុស្ស ,ការរៀបចំផែនការថវិកា ,ការគ្រប់គ្រងហិរញ្ញវត្ថុ ,ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចលទ្ធកម្មសាធារណៈ និងការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ទាំងនេះ គឺជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ដាក់ចេញនូវទិសដៅការងារគាំទ្រការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងមុំទី២ “កសាងរដ្ឋបាលឌីជីថល” ៕


ដោយ / គ្រី សម្បត្តិ