ដើមឈើត្រូវការកាត់តែងមែកទើបផ្ដល់ទិន្នផលបានខ្ពស់ និងផ្លែ មាន គុណភាពល្អ
(ខេត្តស្ទឹងត្រែង)៖ ដំណាំហូបផ្លែ ពិសេសប្រភេទដើមឈើ ដែលអាចផ្ដល់ ទិន្នផល បានខ្ពស់ក៏អាស្រ័យទៅលើមែករបស់ដំណាំ ប៉ុន្តែនៅក្នុងមែកដើមឈើក៏មានមែកដែលមិនមានប្រយោជន៍ និងមានប្រយោជន៍ផងដែរ ។
នៅពេលដើមឈើជិតចេញផ្កាហើយ គេចាំបាច់ណាស់ត្រូវកាត់តែងមែកដែលគ្មានប្រយោជន៍ចេញ។ការកាត់មែកដែលគ្មានប្រយោជន៍នេះគឺដើម្បីឱ្យដើមឈើអាចដុះលូតលាស់បានលឿន និងមានសុខភាពល្អពេលផ្លែចេញមកធំ និងរឹងមាំល្អ ។
លោក ងួន គុយ អ្នកមានបទពិសោធន៍ច្រើនឆ្នាំទៅលើដំណាំស្វាយចន្ទីសព្វថ្ងៃ រស់នៅ ខេត្តស្ទឹងត្រែង បានប្រាប់ថាដើមឈើហូបផ្លែគ្រប់ប្រភេទបើចង់ទទួលបានទិន្នផលខ្ពស់ចាំបាច់ត្រូវតែការតាក់តែងមែក។ការតាក់តែងមែកនេះគឺយើងត្រូវតែកាត់មែកតូចៗដែលស្ថិតនៅខាងក្នុងដើមដែលមិនបានត្រូវពន្លឺថ្ងៃចេញ។មែកតូចៗទាំងនេះគ្មានប្រយោជន៍ទេ ហើយវាថែមទាំងដណ្តើមជីពីមែកដទៃទៀត ។ក្រៅពីនេះមែកទាំងនេះនៅមានសត្វល្អិតតោង និងបង្កឱ្យដើមឈើកើតរោគជំងឺច្រើនថែមទៀត។
លោកបានលើកឡើងដោយបញ្ជាក់ប្រាប់ផងថា”ការកាត់មែកតែងចោលវាជួយបង្កើនរស្មីសំយោគ ខ្យល់អាកាសចេញចូលបានល្អ ពុំស៊ីសារធាតុចិញ្ចឹមដើមច្រើន។ មែកទាំងនេះគ្មានប្រយោជន៍អ្វីទេ បើយើងទុកវាក៏ពុំមានផ្លែ និងចុងក្រោយក៏វាគង់តែងាប់ដែរដោយសារតែវាពុំសូវត្រូវពន្លឺព្រះអាទិត្យ” ។

លោក ងួន គុយ បានឱ្យដឹងបន្ថែមថា៖ ក្រៅពីនេះសម្រាប់ការកាត់សម្អាតស្មៅក្រោមដើមឈើក៏ជារឿងមួយសំខាន់ណាស់ដែរ ពីព្រោះថាស្មៅទាំងនេះគឺជាជម្រកសត្វល្អិតដែលបង្កការបំផ្លាញដល់ផ្លែឈើ និងដើមឈើផង។ជាមួយគ្នានេះអ្វីដែលយើងត្រូវយកចិត្តទុកដាក់នោះគឺមិនត្រូវប្រើថ្នាំសម្លាប់ស្មៅឡើយពីព្រោះថាវានឹងធ្វើឱ្យខូចដីឈប់មានសត្វជន្លេនរស់នៅ និងសត្វល្អិតផ្សេងៗទៀតដែលផ្តល់នូវជីដល់ដើមឈើក៏ងាប់អស់គ្មានសល់ដែរ។
យោងតាមការសិក្សាស្រាវជ្រាវ អ្នកឯកទេសបានឱ្យដឹងថា៖ជាទូទៅគេអាចតាក់តែងមែកបាននៅកូនឈើណាដែលមានអាយុចាប់ពី ១ ឆ្នាំឡើងទៅ។ ម្យ៉ាងទៀតនៅរដូវប្រាំងជាពេលវេលាដ៏ល្អបំផុតសម្រាប់ការកាត់មែកដំណាំ ព្រោះដើម្បីការពារមិនឲ្យមានការឆ្លងរោគ ទៅលើមុខរបួសនៃដំណាំ។តាមធម្មជាតិនៅរដូវប្រាំងអាចធ្វើឲ្យរុក្ខជាតិឆាប់ជាពីមុខរបួសបានលឿនជាងរដូវវស្សា និងចំណុចគួរជៀសវាងមិនត្រូវតែងមែកនៅពេលកំពុងប្រមូលផលឡើយ លុះត្រាតែប្រមូលផលរួចទើបអាចកាត់មែកខ្លះបាន ។

លោក សូ សៅឌី ទីប្រឹក្សាបច្ចេកទេសកសិកម្ម នៃគម្រោង GIZ CRAS ដែលជាអ្នកបច្ចេកទេសដល់ប្រជាកសិករដាំដំណាំស្វាយចន្ទីបានឱ្យដឹងថា ៖សម្រាប់កសិករដែលចេះថែទាំត្រឹមត្រូវស្វាយចន្ទីនឹងហុចផលក្នុងមួយហិកតាចាប់ពី២តោនឡើងទៅ ។ ដោយឡែកកសិករដែលធ្វើតាមទន្លាប់ អាចទទួលបានផលចាប់ពី១តោនកន្លះចុះមកក្រោមក្នុងមួយហិកតា ។ ជាទូទៅបញ្ហាដែលប្រឈមដល់កសិករនោះគឺសត្វល្អិត និងរោគជំងឺ។ សម្រាប់សត្វល្អិតដែលផ្ទុះខ្លាំង ចាំបាច់ត្រូវមានការគ្រប់គ្រង ហើយទាំងអស់នេះ សុទ្ធសឹងជាបញ្ហាប្រឈមដែលធ្វើឱ្យទិន្នផលថយចុះ ។ ចំពោះសត្វដែលបង្កគ្រោះថ្នាក់ខ្លាំងគឺ មូសតែ និងក្រៅពីនេះក៏មានចៃម្សៅ(ចៃស)ឬពពួកស្រមើល ដង្កូវឌួង ដង្កូវស៊ីត្រួយ ដង្កូវមូរស្លឹកផ្សេងៗទៀត ៕



អត្ថបទ៖ម៉ាដេប៉ូ ,រូបភាព៖ រិន រចនា