នាវា Westerdam ដែលកម្ពុជាធ្លាប់ជួយសង្គ្រោះ គ្រោងដឹកអ្នកដំណើរ ៤ពាន់នាក់ចូលចត ក្នុងកំពង់ផែក្រុងព្រះសីហនុ (Video Inside)
នាវា Westerdam ដែលកម្ពុជាធ្លាប់បានជួយសង្គ្រោះអ្នកជាប់លើកប៉ាល់ឱ្យបានវិលត្រឡប់ ទៅកាន់ទឹកដីរបស់គេរៀងៗខ្លួនវិញ កាលពីប្រមាណ៣ឆ្នាំមុននេះ គ្រោងនឹងដឹកភ្ញៀវទេសចរ ជិត៤ពាន់ធ្វើដំណើរមកចតក្នុងកំពង់ផែកម្ពុជា វេលាចុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។
នាវា Westerdam ដែលផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលមកសំចត ក្នុងកំពង់ផែរបស់ខ្លួន នៅខេត្តព្រះសីហនុ បន្ទាប់ពីកប៉ាល់សញ្ជាតិហូឡង់នេះ ត្រូវបានប្រទេសក្នុងតំបន់ រារាំងមិនឱ្យចូលចត ក្នុងកំពង់ផែផ្សេងៗរបស់គេឡើយ ដោយសារតែការខ្លាចឆ្លងនឹងជម្ងឺរាតត្បាតកូវីដ១៩។
នាវា Westerdam បានស្ថិតលើកណ្តាលផ្ទៃសមុទ្ទ រយៈពេល១២ថ្ងៃ ដែលពេលនោះ គ្មានប្រទេសណាហ៊ានជួយសង្គ្រោះឡើយ។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវទឹកចិត្តសប្បុរស ហ៊ានទទួលយកនាវា Westerdam នោះចូលចតក្នុងកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ ដែលពេលនោះជាទិវា Valentine’s Day។
នាវា Westerdam ដែលនឹងផ្ទុកភ្ញៀវទេសចរណ ៤ពាន់នាក់ នឹងធ្វើដំណើរមកដល់កំពង់ផែកម្ពុជាសាជាថ្មីឡើងវិញ នៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២៣។