ចិនបង្អួតយន្តហោះផលិតក្នុងស្រុក C919 នៅទីក្រុងហុងកុង

ហុងកុង៖ យន្តហោះដឹកអ្នកដំណើរថ្មី ដែលផលិតក្នុងស្រុករបស់ចិន បង្ហាញខ្លួនជាលើកដំបូងនៅក្រៅប្រទេស ក្នុងថ្ងៃពុធសប្តាហ៍នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុង។

មេដឹកនាំហុងកុង លោក John Lee បានសាទរចំពោះការអភិវឌ្ឍន៍ C919 និង ARJ21 ដែលជាយន្តហោះផលិតដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋរបស់ប្រទេសចិន (COMAC) និងបានចាត់ទុកការបង្ហាញយន្តហោះទាំងពីរម៉ូដែលនេះថា ជា “ព្រឹត្តិការណ៍សំខាន់” នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន។

ក្រុមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមសប្តាហ៍នេះ យន្តហោះ C919 បានទទួលការបញ្ជាទិញរហូតដល់ ១,០៦១គ្រឿងពីអតិថិជនជាង ៣០។ យន្តហោះនេះបានទទួលវិញ្ញាបនបត្រជាផ្លូវការក្នុងការហោះហើរកាលពីឆ្នាំមុន បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាងមួយទសវត្សរ៍ ប៉ុន្តែមិនទាន់ទទួលបានអ្នកទិញអន្តរជាតិណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា យន្តហោះ C919 បានធ្វើការហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនកាលពីខែឧសភា។ យន្តហោះនេះបង្ហាញពីមហិច្ឆតាជាច្រើនទសវត្សរ៍របស់ប្រទេសចិន ក្នុងការប្រកួតប្រជែងជាមួយដៃគូអឺរ៉ុប និងអាមេរិកខាងផ្នែកអាកាសចរណ៍ ជាពិសេសកាត់បន្ថយការពឹងផ្អែករបស់ចិន លើបច្ចេកវិទ្យាបរទេស។

ទន្ទឹមគ្នា អាជ្ញាធរចិនសង្ឃឹមយ៉ាងមុតមាំថា យន្តហោះមានរាងតូចរលោង ដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋរបស់ប្រទេសចិន (COMAC) នឹងប្រកួតប្រជែងជាមួយយន្តហោះម៉ូដែលបរទេស ដូចជាយន្តហោះអាមេរិក Boeing 737 MAX និងបារាំង Airbus A320 ជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner