សង្ហិបុរីនឹងបញ្ជូនខ្លាឃ្មុំ Panda ទៅបង្កាត់ពូជ នៅចិន

សង្ហិបុរី៖ នៅថ្ងៃពុធសប្តាហ៍នេះ ប្រជាជនសិង្ហបុរីនាំគ្នាទៅទស្សនាកូនខ្លាឃ្មុំ Panda អាយុពីរឆ្នាំជាលើកចុងក្រោយ មុនពេលអាជ្ញាធររៀបចំបញ្ជូនវាទៅប្រទេសចិន ជាកន្លែងដែលវានឹងចូលរួមកម្មវិធីបង្កាត់ពូជ។

Le Le ដែលជាខ្លាឃ្មុំ Panda ដំបូង កើតនៅប្រទេសសង្ហិបុរី បានបង្ហាញខ្លួនជាសាធារណៈលើកចុងក្រោយ នៅឯសួនឧទ្យានសត្វព្រៃ River Wonders មុនពេលដាក់ឱ្យនៅដាច់ដោយឡែករយៈពេលមួយខែ មុនបញ្ជូនវាទៅចូលរួមកម្មវិធីបង្កាត់ពូជនៅប្រទេសចិន។

អ្នកទស្សនារាប់សិបនាក់បានតម្រង់ជួរគ្នា ដើម្បីទៅមើលខ្មាឃ្មុំ Le Le ជុំវិញបរិវេណទ្រុងរបស់វា នៅពេលវាកំពុងសុីឈើឬស្សី និងការ៉ុត ដែលអ្នកមើលថែលាក់នៅក្រោមយន្តហោះក្រដាស និង ខាងក្នុងវ៉ាលីក្រដាសកាតុង។ នាយកប្រតិបត្តិផ្នែកទីផ្សារនៃសួនឧទ្យានេះ បានរៀបរាប់ថា ខ្ញុំគិតថា ប្រទេសសិង្ហបុរីជាផ្ទះរបស់ខ្លាឃ្មុំ Le Le។

ខ្លាឃ្មុំនេះកើតនៅឆ្នាំ២០២១ តាមរយៈការបង្កាត់ពូជសិប្បនិម្មិត បន្ទាប់ពីម៉ែឪរបស់វា គឺ Jia Jia និង Kai Kai មិនអាចបង្កាត់ពូជតាមធម្មជាតិបាន។ ខ្លាឃ្មុំទាំងពីរដែលបច្ចុប្បន្នមានអាយុ ១៥ឆ្នាំ និង ១៦ឆ្នាំ បានមកដល់ប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១២ ក្នុងកម្ចីពីប្រទេសចិន។ ក្រោមការរៀបចំនេះ កូនចៅរបស់ពួកវានឹងត្រូវបញ្ជូនទៅប្រទេសចិន ដើម្បីចូលរួមក្នុងកម្មវិធីបង្កាត់ពូជខ្លាឃ្មុំ Panda របស់ប្រទេសចិន។

ខ្លាឃ្មុំ Le Le នឹងធ្វើដំណើរទៅកាន់ទីក្រុងឆឹងទូ ប្រទេសចិន នៅថ្ងៃទី១៦ ខែមករា ឆ្នាំក្រោយ។ យោងតាមក្រុមការងារបរិស្ថាន នៃអង្គការអភិរក្សសត្វព្រៃ (WWF) បានឱ្យដឹងថា ខ្លាឃ្មុំ Panda យក្សប្រមាណ ១,៨៦០ក្បាលរស់នៅក្នុងព្រៃ ហើយប្រហែល ៦០០ក្បាល ត្រូវគេចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលខ្លាឃ្មុំ Panda សួនសត្វ និងសួនឧទ្យានសត្វព្រៃទូទាំងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner