លោក ស៊ី ជីនពីង បញ្ចប់ទស្សនកិច្ចនៅវៀតណាម និងបន្សល់កិច្ចព្រមព្រៀងសហប្រតិបត្តិការច្រើនជាង ៣០
វៀតណាម៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាកចេញពីប្រទេសវៀតណាមហើយ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃលើកដំបូងក្នុងពេល ៦ឆ្នាំ។ ប្រជាជាតិទាំងពីរបានប្តេជ្ញាចិត្តធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ៣០ រួមទាំងការសន្យាអភិវឌ្ឍន៍ទំនាក់ទំនងផ្លូវដែករវាងវៀតណាម និងចិន។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងក្នុងអំឡុងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ថា ចិន និងវៀតណាមគួរតែប្រឆាំងរាល់ការប៉ុនប៉ងធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិករញ៉េញ៉ៃ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការប្រឆាំងនឹងការពង្រីកឥទ្ធិពលអាមេរិកជាមួយវៀតណាម។
លោក ស៊ី និយាយថា ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយវៀតណាម ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង ចំពោះបញ្ហាដែនសមុទ្រ ជាពិសេសភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ អំលុងទស្សនកិច្ចខាងលើ លោក ស៊ី ក៏បានប្រាប់ប្រធានសភាវៀតណាម លោក វឿង ឌិញហ៊ួយ ក្នុងជំនួបនាថ្ងៃពុធនេះថា ភាគីទាំងពីរបានប្រកាសពីការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាម ដើម្បីលើកកម្ពស់ការដំឡើងកម្រិតទំនាក់ទនងទ្វេភាគី។
រីឯក្នុងជំនួបជាមួយលោក ស៊ី នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ បានហៅការសម្រេចចិត្តនោះថា ជាសមិទ្ធិផលមួយដ៏សំខាន់ជាប្រវត្តិសាស្រ្ត។ ដោយឡែកលោក ស៊ី ក៏បានជួបប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធឿង ផងដែរ មុនពេលធ្វើមាតុភូមិនិវត្តន៍ នារសៀលថ្ងៃពុធសប្តាហ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ចិន និងវៀតណាម បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ និងបង្កើនទំនាក់ទំនងទ្វេភាគី។ បន្ថែមលើនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការកសាង “សហគមន៍រួមវាសនា” ហើយនិយាយថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នេះ គឺជាការបង្កើតប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី, ការរួមចំណែកដល់សន្តិភាព និងស្ថិរភាព ព្រមទាំងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា