សិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ ប្រទេសកម្ពុជា
ខេត្តក្រចេះ៖ ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្រមជ្ឈមណ្ឌលកសិកម្មនៅខេត្តក្រចេះ នាភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ភាពជោគជ័យ និងបទពិសោធន៍ដែលបានរៀនសូត្រក្នុងការអនុវត្តគម្រោងរយៈពេល ៤៨ខែកន្លងមកនេះ។
លោកបណ្ឌិត បានគូសបញ្ជាក់ថា គម្រោង ការគាំទ្រមជ្ឈមណ្ឌលកសិកម្មខេត្តក្រចេះ គឺមានគោលបំណងចំនួន ៣គឺ៖ សាងសង់អគារ បណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាកសិកម្មដល់កសិករ នៅតំបន់គោលដៅលើផលិតកម្មដំណាំដំឡូងមី ពោត និងបន្លែ និងលើកកម្ពស់ជីវភាពកសិករឱ្យមានភាពប្រសើរឡើង។
លោក Park Yeong Wook ប្រធានសារជីវកម្មសហគមន៍ជនបទកូរ៉េ ប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកូរ៉េ គឺមិនត្រឹមតែសាងសង់អគារ និងឧបត្ថម្ភសម្ភារប៉ុណ្ណោះទេ គឺចង់ឃើញមជ្ឈមណ្ឌលកសិកម្មនេះបន្តដំណើរទៅមុខបានល្អប្រសើរក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាកសិករ ដែលលទ្ធផលនៃភាពជោគជ័យនេះ គឺជាសក្ខីភាពពិតបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ កាន់តែរីកចម្រើនទៅមុខបន្តទៀត ។
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា គម្រោងគាំទ្រមជ្ឈមណ្ឌលកសិកម្មខេត្តក្រចេះ គឺធ្វើឡើងក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានបើកសម្ភោធកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី។
ឯកឧត្តម បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ភាគីកូរ៉េ បានចុះអនុស្សារណៈជាមួយកម្ពុជា ជាច្រើនជាជំនួយឥតសំណងតាមរយៈសារជីវកម្មកូរ៉េ ដូចជាសាងសង់អគារអន្តេរវាសិកដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងផ្សព្វផ្សាយកសិកម្មតាស្អាត ខេត្តស្វាយរៀង និងអគារបណ្តុះបណ្តាល នៅខេត្តក្រចេះ ព្រមទាំងមណ្ឌលសិក្សាស្រាវជ្រាវពូជបន្លែនៅខេត្តមណ្ឌលគិរីផងដែរ ៕
ប្រភព៖ក្រសួងកសិកម្ម