បូលីវី និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងតម្លៃ ៤៥០លានដុល្លារ វិនិយោគលើលោហៈធាតុលីចូម
ឡា ប៉ាស់៖ បូលីវី ដែលជាទីតាំងស្តុកទុករ៉ែលោហៈធាតុលីចូម (Lithium) ដ៏ធំបំផុតរបស់ពិភពលោក ក្នុងថ្ងៃពុធសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤៥០លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ី Uranium One Group ដើម្បីផលិតអាគុយ និងគ្រឿងបន្លាស់រថយន្តអគ្គិសនីសំខាន់ៗ។
រដ្ឋាភិបាលបូលីវី និងនាយកប្រតិបត្តិក្រុមហ៊ុនរដ្ឋរុស្ស៊ី Uranium One Group បានបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនរុស្ស៊ី Rosatom នឹងវិនិយោគនៅប្រទេសបូលីវីក្នុងរយៈពេលពីរឆ្នាំ ដើម្បីសាងសង់រោងចក្រលីចូម (Lithium) នៅភាគខាងត្បូងរបស់ប្រទេសបូលីវី។
ប្រធានាធិបតីបូលីវី លោក ល្វីស អាកសេ បានថ្លែងក្នុងពិធីចុះហត្ថលេខាថា កិច្ចព្រមព្រៀងនេះធ្វើតាមគំរូផលិតកម្ម និងការលក់ ដែលយើងកំពុងស្នើទៅគ្រប់ក្រុមហ៊ុន ដែលត្រូវការលោហៈធាតុលីចូមរបស់យើង។
ហើយយើងនឹងចូលរួមគ្រប់ខ្សែសង្វាក់ផលិតកម្ម។ រីឯនាយកប្រតិបត្តិក្រុមហ៊ុន YLB លោកស្រី ខាឡា កាល់ឌើរ៉ុន បាននិយាយថា រោងចក្រនេះ នឹងចម្រាញ់បានសារធាតុលីចូមកាបូន សម្រាប់ការផលិតថ្មអាគុយប្រមាណ ១,០០០តោនក្នុងឆ្នាំដំបូងរបស់ខ្លួន មុនពេលបង្កើនសន្ទុះដល់ ១៤,០០០តោនក្នុងមួយឆ្នាំ។
គួរញ្ជាក់ថា ទុនបម្រុងលីចូមរបស់ប្រទេសបូលីវី ដែលមានចំនួន ២៣លានតោន បានទាក់ទាញចំណាប់អារម្មណ៍ពីប្រទេសចិន និងរុស្ស៊ី ក្នុងការចាប់ផ្តើមផលិតកម្មខ្នាតឧស្សាហកម្មលើវិស័យរ៉ែ។
ជាមួយគ្នានេះ បូលីវីបានព្យាករណ៍ថា ខ្លួននឹងរកប្រាក់ចំណូលបាន ៥ពាន់លានដុល្លារ ពីការនាំចេញលោហៈធាតុលីចូមនៅឆ្នាំក្រោយ កើនឡើងលើសពីឧស្សាហកម្មឧស្ម័នធម្មជាតិដ៏សំខាន់របស់ខ្លួន ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការវិនិយោគធ្លាក់ចុះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា