វីរៈកីឡាករ សាលី អ៊ូម៉ើត បង្ហាញជំនឿចិត្តថា កីឡាករម៉ូតូទឹកកម្ពុជា នឹងធ្វើបានល្អក្នុងការប្រកួត World Cup Jet Ski 2023
ប៉ាតាយ៉ា៖ វីរៈកីឡាករ សាលី អ៊ូម៉ើត និងជាអគ្គលេធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានដឹកនាំកីឡាករ ចូលរួមការប្រកួត World Cup Grand prix Jet Ski 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយមានកីឡាករជើងខ្លាំងៗ មក ពី៦០ប្រទេសចូលរួម។ ស្របពេលគ្នានេះដែរ វីរៈកីឡាករ សាលី អ៊ូម៉ើត បានបង្ហាញជំនឿចិត្តថា កីឡាករម៉ូតូ ទឹកកម្ពុជា នឹងធ្វើបានល្អក្នុងការប្រកួត World Cup Jet Ski 2023 ។
អាន៖ពីប៉ាតាយ៉ា ប្រទេសថៃកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វីរៈកីឡាករម៉ូតូទឹករូបនេះបាននិយាយថា កីឡាករម៉ូតូទឹកកម្ពុជា នឹងដណ្តើមបានមេដាយច្រើនគ្រឿងក្នុងព្រឹត្តិការណ៍នេះ។ ការដាក់ក្តីសង្ឃឹមយ៉ាងមុតមាំបែបនេះ ដោយ តាមរយៈការប្រកួត កម្រិត អន្តរជាតិ និងបទពិសោធន៍ច្រើន នៅអឺរ៉ុប សហរដ្ឋអាមេរិក ដែលទើបតែបញ្ចប់ថ្មី ជាមួយនឹងមេដាយសរុប៩គឿង។ក្នុងនេះ កីឡាករ សាលី អ៊ូម៉ើត ដណ្តើមមេដាយមាស១ ,កីឡាករ សាលី ហ្វីលីន មេដាយមាស២ ប្រាក់២ និងសំរឹទ្ធ១ ,កីឡាករ កៃវ៉ាន់ ស៊ីដែន ឈ្នះ មេដាយមាស១ និងកីឡាករ ម៉ីន ម៉ូស្តាន់ មេដាយប្រាក់២គ្រឿង ក្រោមការដឹកនាំរបស់កីឡាករ សាលី អ៊ូម៉ើត និងការយកចិត្តទុក ដាក់ខ្ពស់ពីលោក Henry Knauf ប្រធានក្លឹប Flamingo ប្រទេសថៃ ។
ប្រធានក្រុមម៉ូតូទឹករូបនេះ បន្ថែមថា រូបលោកក៏ត្រូវចូលរួមប្រកួត ២វិញ្ញាសា ។គឺជាវិញ្ញាសាធំៗដែលពិភពលោកចាប់អារម្មណ៍ និងចូលរួមច្រើនសិតជាកីឡាករខ្លាំងៗ៦០នាក់ មកពី៦០ប្រទេស។
ក្រៅពីបង្ហាញជំនឿចិត្តលើកូនក្រុមរបស់ខ្លួន លោក សាលី អ៊ូម៉ើត បានបង្ហើបថាប្រសិនបើកម្ពុជាអាចបង្កើតព្រឹត្តការណ៍ ប្រកួត ម៉ូតូ ទឹក មានលក្ខណស្តង់ដារត្រឹមត្រូវបានដូចគេ នឹងមានអ្នកចូលប្រកួតច្រើន នឹងមានធនធានកីឡាករច្រើន នោះកីឡាម៉ូតូទឹកកាន់តែ ខ្លាំង ជាពិសេសនឹងអាចទាក់ទាញភ្ញៀវទេសចរបានច្រើនមកកម្ពុជា។ អ៊ូម៉ើត បានបន្តថា ព្រឹត្តការណ៍ប្រណាំងម៉ូតូទឹកនេះ មាន ប្រទេសជាច្រើន កំពុងយកចិត្តទុកដាក់ ដូចជាប្រទេសវៀតណាមក៏ចូលរួមដែរឆ្នាំនេះ។
សូមបញ្ជាក់ថា ការប្រកួត World Cup Grand prix Jet Ski 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ផ្តើមពីថ្ងៃទី១៣ដល់ទិ១៧ ខែធ្នូ ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកីឡាករ៦នាក់ចូលរួម មានវីរៈកីឡាករ សាលី អ៊ូម៉ើត សាលី ហ្វីលីន កៃវ៉ាន់ ស៊ីដែន ម៉ីន ម៉ូស្តាន់ ម៊ីន អុស្មាន់ និងកីឡាករវ័យក្មេង សារ៉ាយ សុខមុន្នី មកពីក្លឹប Angkor Jet Ski ៕
អត្ថបទ៖ ចាន់ វិចិត្រ