សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៣១ តំបន់ រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោក

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសអបអរសាទរ ខួបលើកទី ៣១ តំបន់រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ ~ ១៤ ធ្នូ ២០២៣) ដោយភ្ជាប់ជាមួយឃ្លាថា «កិច្ចការការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប» ។

សូមរំលឹកថា រមណីយដ្ឋានអង្គរ ឬ ឧទ្យានអង្គរ ដែលមានទីតាំងនៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានអង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (United Nations Educational Scientific and Cultural Organization) ដែលហៅកាត់ថា អង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ។ តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្ត តែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរ ខួបលើកទី៣១ នៃការចុះបញ្ជីប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធពិធី «រាត្រីចងចាំ លើកទី៤» ឆ្នាំ២០២៣ ។ តាមរយៈមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ មានដូចជា៖ ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំងទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។

«រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរផងដែរ។ ការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងអង្គការយូណេស្កូនៅភ្នំពេញ តំណាងស្ថានទូត និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សរុបជាង៦០០នាក់។

ដោយឡែកទាក់ទិននឹងរមណីយដ្ឋានអង្គរ ឬ ឧទ្យានអង្គរ ដែលបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូល ក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោកនេះដែរ កាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រ ចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ បានគូសបញ្ជាក់ថា ប្រាសាទអង្គរវត្ត អាចត្រូវដកចេញពីសម្បត្តិ បេតិកភណ្ឌ ពិភពលោក ដោយសារមនុស្សទៅតាំងទីលំនៅខុសច្បាប់ ដែលធ្វើឱ្យបាត់បង់លក្ខណៈសម្បត្តិរបស់វា និងមិនបានអនុវត្តន៍ តាម កាតព្វកិច្ចតម្រូវដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

សម្ដេច បានបន្តថា ប្រសិនបើមិនដោះស្រាយបញ្ហាទាំងអស់នេះទេ ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នឹងខាតបង់ ដោយអង្គរវត្តរបស់កម្ពុជា អាចបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ដែលគេត្រូវបណ្ដេញចេញ ដោយសារមនុស្សទៅតាំងទីលំនៅខុសច្បាប់ ឬក៏កន្លែងដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមិនតម្រូវទៅតាមលក្ខខណ្ឌបច្ចេកទេស ។

ចំណែកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានថ្លែងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដោយចាត់ទុកការស្ម័គ្រចិត្តមកតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្ដែង ខេត្តសៀមរាប ពីសំណាកប្រជាពលរដ្ឋ ចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកាយវិការដ៏ថ្លៃថ្លាប្រកបដោយការទទួលខុសត្រូវ និងមនសិការជាតិដ៏ខ្ពង់ខ្ពស់របស់បងប្អូនទាំងអស់ ក្នុងនាមជាពលរដ្ឋកម្ពុជាប្រកបដោយវប្បធម៌ដ៏ឧត្តុង្គឧត្តម ដែលមិនត្រឹមតែគិតគូរពីអនាគតដ៏ល្អប្រសើរ ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងយល់ដឹងអំពីករណីយកិច្ចពលរដ្ឋចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញកាតព្វកិច្ចថែរក្សារមណីយដ្ឋានអង្គរ ដែលជាមរតកដ៏មានតម្លៃពីដូនតាខ្មែរ ឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាបេតិកភណ្ឌរបស់មនុស្សជាតិផងដែរ ។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិផង ដែលក្នុងនោះ ព្រលឹងជាតិសំដៅទៅលើការការពារ និងអភិរក្សសម្បត្តិវប្បធម៌ ហើយអាយុជីវិតជាតិ គឺប្រជាជនតែម្តង ។ សម្តេច បន្ថែមថា ខេត្ដសៀមរាប គឺជាដែកឆក់យ៉ាងសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាដែលវានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនផងដែរ ។

សូមជម្រាបថា បើតាមរបាយការណ៍របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ តំបន់១ មានចំនួន ៤ពាន់៥៤៥ក្បាលដី និងតំបន់២ មានចំនួន ១ពាន់៨៦៥ក្បាលដី ក្នុងនោះប្រជាពលរដ្ឋ មកនៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន៥ពាន់៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ចំនួន៤ពាន់៣២គ្រួសារ សរុបចំនួន ៩ពាន់៨៩៧គ្រួសារ។

គ្រួសារប្រជាពលរដ្ឋបានមករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤ពាន់៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩% នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់ នូវបណ្ណកម្មសិទ្ធិ ចំនួន៤ពាន់៥៥៤បណ្ណ ដែលចែកជូនប្រជាពលរដ្ឋ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner