ឈប់រថយន្តមិនពន្លត់ម៉ាស៊ីនចុះយកអីវ៉ាន់ ត្រូវជនឆ្លៀតឱកាសលួចបើកយកទៅលាក់ទុក នៅស្ពានអាកាស៥មករា ហើយគេចខ្លួនបាត់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តRAV4 ទៅយកអីវ៉ាន់នៅក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ពេលចុះពីលើរថយន្តមិនបានពន្លត់ម៉ាស៊ីន ស្រាប់តែមានជនសង្ស័យលួចបើករថយន្តរបស់គាត់ចេញទៅបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍កាលពីម៉ោង៨យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។ បុរសរងគ្រោះឈ្មោះ ជៀប ចាន្ថា អាយុ៤៤ឆ្នាំ មុខរបរអ្នកបើករថយន្ត ស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសម្ដីបុរសរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្តម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-7017 ទៅយកអីវ៉ាន់នៅក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ពេលនោះ រូបគាត់ក៏បានចុះពីលើរថយន្តទាំងមិនបានពន្លត់ម៉ាស៊ីន ព្រោះគិតថានៅមិនយូរទេ ស្រាប់តែមានជនសង្ស័យ បានឡើងរថយន្តរបស់គាត់បើកចេញទៅបាត់ ធ្វើឲ្យរូបគាត់ភ័យ ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗ។

ដោយសារតែរថយន្តរបស់គាត់មានភ្ជាប់ប្រព័ន្ធ GPS ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានដល់ចំណុចគល់ស្ពានអាកាស៥មករា ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ក៏រកឃើញរថយន្តផ្លុងចោលក្នុងផ្ទះចាស់ដែលគេទុកចោល តែជនសង្ស័យបានគេចខ្លួនបាត់ទៅហើយ។ ក្រោយមក សមត្ថកិច្ចជំនាញបានយករថយន្ត និងម្ចាស់ ទៅធ្វើឯកសារនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីប្រគល់រថយន្តឲ្យទៅម្ចាស់វិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner