ជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត របួសធ្ងន់ស្រាលពីរនាក់
ភ្នំពេញ៖ យុវជន២នាក់ បានជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុលរថយន្តមាក់ស័រដេស ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីម៉ោង២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅមុខសណ្ឋាគារ សាលីកា តាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវលេខ២៨០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក មាក់ស័រដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2O- 9597 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន២នាក់ បានជិះម៉ូតូឌុបគ្នា ម៉ាក QBiK ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GZ-1183 ជិះតាមបណ្ដោយផ្លូវ២៨០ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដោយមិនបានប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលបុករថយន្តខាងលើចំពីចហៀងពេញទំហឹង បណ្ដាលឲ្យអ្នកឌុបរងរបួសធ្ងន់ ឯអ្នកជិះពីក្រោយរងរបួសស្រាល ចំណែករថយន្ត និងម៉ូតូបានរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ យុវជនទាំង២នាក់ខាងលើ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ។ មួយសន្ទុះក្រោយ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕ធ.ដ